អ៊ីស្រាអែលរាប់ម៉ឺននាក់បាតុកម្មទាមទារដោះលែងចំណាប់ខ្មាំង
បរទេស៖ សាច់ញាតិរបស់ចំណាប់ខ្មាំង និងក្រុមអ្នកតវ៉ា រាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ដើម្បីទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំង នៅតំបន់ហ្គាហ្សា ពោលគឺបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសថា កងទ័ពរបស់ខ្លួនទើបរកឃើញចំណាប់ខ្មាំងចំនួន៦នាក់ នៅក្នុងផ្លូវរូងក្រោមដី។
លោក Yair Keshet ដែលត្រូវជាឱពុកមា របស់ចំណាប់ខ្មាំង ឈ្មោះ Yarden Bibas បានមានប្រសាសន៍ថា «យើងកំពុងស្នើសុំពីរដ្ឋាភិបាល ឱ្យបញ្ឈប់អ្វីៗគ្រប់យ៉ាង និងធ្វើឲ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ជាបន្ទាន់»។
យោធាអ៊ីស្រាអែលបាននិយាយថា សាកសពចំណាប់ខ្មាំង ទាំង៦នាក់ ត្រូវបានរកឃើញ កាលពីថ្ងៃសៅរ៍ «ពីផ្លូវរូងក្រោមដីមួយ ក្នុងតំបន់ Rafah នៅភាគខាងត្បូង ហ្គាហ្សា»។ ពួកគេស្ថិតក្នុងចំណោមចំណាប់ខ្មាំង ២៥១នាក់ដែលត្រូវបានចាប់ខ្លួន អំឡុងពេលការវាយប្រហារថ្ងៃទី៧ ខែតុលា របស់ហាម៉ាសលើអ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាម រហូតមកដល់ពេលបច្ចុប្បន្ន។ ចំណាប់ខ្មាំង ៩៧នាក់នៅតែជាប់ឃុំឃាំង ប៉ុន្តែ ៣៣នាក់ ត្រូវបានអះអាងថា បានស្លាប់។
ការវាយលុកសងសឹករបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស យ៉ាងតិច ៤០៧៣៨នាក់ នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមក្រសួងសុខាភិបាល គ្រប់គ្រងដោយក្រុមហាម៉ាស។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា អ្នកស្លាប់ភាគច្រើន គឺជាស្ត្រី និងកុមារ។ ការប្រយុទ្ធគ្នា បានផ្លាស់ទីលំនៅភាគច្រើននៃប្រជាជនហ្គាហ្សា សរុបទាំង ២.៤លាននាក់ និងបង្កឱ្យមានវិបត្តិមនុស្សធម៌៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត