អាមេរិករឹបអូសយន្តហោះរបស់មេដឹកនាំវេណេស៊ុយអេឡា

បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានរឹបអូសយកយន្តហោះរបស់ប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក Nicolas Maduro នៅសាធារណរដ្ឋ ដូមីនីកែន។

យន្តហោះត្រូវបានរឹបអូស នៅពេលហោះទៅដល់រដ្ឋផ្លរីដា របស់អាមេរិក។ មន្ត្រីសហរដ្ឋអាមេរិកអះអាងថា យន្តហោះឯកជន Dassault Falcon 900EX ដែលប្រើដោយសមាជិករដ្ឋាភិបាលវេណេហ្ស៊ុយអេឡា រួមទាំង លោក Maduro ត្រូវបានទិញដោយខុសច្បាប់។

អគ្គមេធាវីអាមេរិក លោក Merrick Garland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យន្តហោះមួយគ្រឿងនេះ ត្រូវបានរត់ពន្ធចេញពីអាមេរិក ក្នុងតម្លៃ ១៣លានដុល្លារអាមេរិក ដែលមានការចាំបាច់ត្រូវរឹបអូស»។

យ៉ាងណាមិញ ក្រសួងការបរទេសវេណេហ្ស៊ុយអេឡា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការរឹបអូសនេះ។ ប្រទេសស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ បានរៀបរាបល់ថា «ជាថ្មីម្តងទៀត អាជ្ញាធរអាមេរិកបានធ្វើរឿងឧក្រិដ្ឋកម្ម ដែលជាទង្វើលួចប្លន់ ច្បាស់ៗ»។

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសមួយចំនួន នៅអាមេរិកឡាទីនបានបដិសេធមិនទទួលស្គាល់ ការឈ្នះឆ្នោតរបស់លោកប្រធានាធិបតី Maduro ។ ការតវ៉ាមួយរយៈចុងក្រោយនេះ កើតមាននៅក្នុងប្រទេស បណ្តាលឲ្យមនុស្ស ២៧ នាក់ស្លាប់ និងយ៉ាងហោចណាស់ ១៩២ នាក់បានរងរបួស៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner