ធ្លាប់មានខ្យល់អាកាសបរិសុទ្ធ រដ្ឋធានីទំនើបរបស់ប្រេស៊ីលគ្រប់ដណ្តប់ដោយផ្សែងភ្លើងឆេះព្រៃ
បរទេស៖ ទីក្រុង Sao Paulo របស់ប្រទេសប្រេស៊ីល ដែលធ្លាប់តែមានខ្យល់អាកាសបរិសុទ្ធ ត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទ បណ្តាលមកពីអគ្គីភ័យឆាបឆេះព្រៃ នៅក្នុងផ្នែកខ្លះៗ នៃប្រទេសមួយនេះ។
ប្រជាជនរស់នៅផ្នែកជាច្រើននៃប្រទេសប្រេស៊ីលកំពុងថប់ដង្ហើម ដោយសារតែភ្លើងឆេះព្រៃដ៏ខ្លាំងក្លា ប៉ុន្តែសម្រាប់រដ្ឋធានីទំនើបនិយមរបស់ប្រេស៊ីល Sao Paulo ដែលប្រជាជនធ្លាប់តែរីករាយនឹងផ្ទៃមេឃពណ៌ខៀវ និងខ្យល់អាកាសបរិសុទ្ធក្នុងរដូវប្រាំង កំពុងជួបហេតុការណ៍មិនធ្លាប់មាន រាប់សិបឆ្នាំ។
លោក Santo អាយុ៤៧ឆ្នាំ ជាអ្នកបើកបរ បាននិយាយថា «ខ្ញុំបានរស់នៅក្នុងទីក្រុង អស់រយៈពេល ៣០ឆ្នាំមកហើយ ជាលើកដំបូង ដែលខ្ញុំបានឃើញផ្សែង បែបនេះ»។ លោកបន្តថា «វាធ្វើឱ្យប៉ះពាល់ដល់ការដកដង្ហើមរបស់យើង ភ្នែករបស់យើង ហើយវាគួរឱ្យព្រួយបារម្ភសម្រាប់ក្មេងៗ ដោយពួកគេទទួលរងនូវផ្សែង ទាំងអស់នេះ»។
ភ្លើងឆេះព្រៃបានឆាបឆេះ អស់រយៈពេល ជាច្រើនសប្តាហ៍ នៅក្នុងប្រទេសប្រេស៊ីល ជាពិសេស នៅក្នុងព្រៃអាម៉ាហ្សូន នៅភាគខាងជើង និងតំបន់ដីសើម Pantanal នៅកណ្តាលភាគខាងលិច នៃប្រទេស។ ភ្លើងឆេះព្រៃបានបំផ្លិចបំផ្លាញផ្ទៃដីកសិកម្ម រាប់ពាន់ហិកតា កាលពីសប្តាហ៍មុន។ អាជ្ញាធរនិយាយថា អគ្គិភ័យ ភាគច្រើន បង្កឡើងដោយមនុស្ស៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត