ក្រុមហ៊ុនសូឡា ហ្គ្រីន អេនើជី ធ្វើបទបង្ហាញ ស្តីពីស្ថានីយបូមទឹកដើរដោយពន្លឺព្រះអាទិត្យ និងម៉ូឌែលធុរកិច្ច នៃសេវាកម្មផ្គត់ផ្គង់ទឹកសម្រាប់ស្រូវប្រាំង
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យក្រុមហ៊ុនសូឡា ហ្គ្រីន អេនើជី (ខេមបូឌា) ខូអិលធីឌី ពិនិត្យលទ្ធភាពធ្វើយ៉ាងណាឱ្យកសិករអាចប្រើប្រាស់ សេវាកម្មផ្គត់ផ្គង់ទឹកសម្រាប់ស្រូវប្រាំង ពីស្ថានីយបូមទឹកដើរដោយពន្លឺព្រះអាទិត្យ និងម៉ូឌែលធុរកិច្ច ដោយចំណាយតិច ថ្លៃដើមផលិតទាប ទទួលបានផលចំនេញច្រើន និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំបែបនេះ ខណៈដែលក្រុមហ៊ុនសូឡា ហ្គ្រីន អេនើជី (ខេមបូឌា) ខូអិលធីឌី ធ្វើបទបង្ហាញ ស្តីពីស្ថានីយបូមទឹកដើរដោយពន្លឺព្រះអាទិត្យ និងម៉ូឌែលធុរកិច្ចនៃសេវាកម្មផ្គត់ផ្គង់ទឹកសម្រាប់ស្រូវប្រាំង នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេស សហការជាមួយក្រុមហ៊ុនដើម្បីសិក្សាបន្ថែម តាមរយៈគោលដៅរួម គឺជួយគាំទ្រដល់កសិករ ជាពិសេសសហគមន៍កសិកម្មទំនើប ដើម្បីទទួលបាននូវបច្ចេកទេសក្នុងការប្រើប្រាស់សម្ភារៈ និងសេវាកម្មថាមពលសូឡា ដែលមានភាពចំនេញ និងមានអត្ថប្រយោជន៍ជាច្រើនក្នុងវិស័យកសិកម្ម ។
សូមជម្រាបជូនថា ក្រុមហ៊ុន សូឡា ហ្គ្រីន អេនើជី (ខេមបូឌា) ខូ អិលធីឌី គឺជាក្រុមហ៊ុនផ្តោតលើការផលិត ផលិតផលគ្រឿងចក្រដែលមានគុណភាពខ្ពស់ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស សេវាកម្មថែទាំ និងការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាថាមពលកកើតឡើងវិញ ៕
ប្រភព ៖ ក្រសួងកសិកម្ម