សារលិខិតអបអរសាទររបស់ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា គោរពជូន សម្តេច មហាមន្ត្រី គុយ សុផល
ភ្នំពេញ៖ ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយជាអតិបរមា សូមចូលរួមសម្តែងនូវការអបអរសាទរដ៏កក់ក្តៅបំផុត ក្នុងឱកាសដែល ឯកឧត្តម ឧកញ៉ា មហាមន្ត្រី ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាននូវគោរមងារដ៏ឧត្តុង្គឧត្តម ខ្ពង់ខ្ពស់បំផុត ជា សម្តេច មហាមន្ត្រី គុយ សុផល និងត្រាស់បង្គាប់តែងតាំងមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
ការទទួលបាននូវគោរមងារ និងមុខតំណែង ប្រកបដោយកិត្តិយសដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសម បំផុតសម្រាប់ សម្តេច មហាមន្ត្រី ក្នុងការដឹកនាំក្រសួងព្រះបរមរាជវាំង ដែលជាស្ថាប័នកំពូលមួយក្នុងការ ជួយរំលែកនូវព្រះរាជកិច្ចថ្វាយ ព្រះករុណាជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គជួយបីបាច់ថែរក្សា ប្រទានពរ ជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ សម្តេច មហាមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេច មហាមន្ត្រី ទទួលនូវការគោរពដ៏ស្មោះស្ម័គ្រពីយើងខ្ញុំទាំងអស់គ្នា ៕