ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ចំណុចយុទ្ធសាស្ត្រក្នុងការកសាងទីក្រុង គឺកុំឱ្យប្រជាពលរដ្ឋមានគំលាតក្នុងការរស់នៅ ដើម្បីរក្សាស្ថិរភាពសង្គម
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ចំណុចយុទ្ធសាស្ត្រក្នុងការកសាងទីក្រុង គឺរក្សាស្ថិរភាពក្នុងទីក្រុងឱ្យបានល្អនោះត្រូវធ្វើយ៉ាងណាកុំឱ្យមានការបែងចែកគំលាតក្នុងការរស់នៅរវាងអ្នកមាន និងអ្នកមានជីវភាពមធ្យម ឬអ្នកក្រីក្រ និងរក្សាស្ថិរភាពនិងកុំឱ្យមានការបែកបាក់ក្នុងសង្គម។
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីបិទសិក្ខាសាលាស្ដីពីបទពិសោធន៍នៃការរៀបចំទីក្រុងនិងលំនៅឋាននៅកម្ពុជា និងហុងកុង នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថាការរៀបចំផ្ទះសម្បែងគឺអាស្រ័យលើគំនិតច្នៃប្រឌិតរបស់យើងផ្ទាល់ហើយការដកស្រង់បទពិសោធន៍ពីហុងកុង ក្នុងការរៀបចំទីក្រុងនិងលំនៅឋាននាពេលនេះ គឺជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវមួយដើម្បីយើងអាចយកបទពិសោធន៍ទាំងនោះមកច្នៃប្រឌិតបន្ថែមទៀតសំដៅឱ្យការរៀបចំទីក្រុងនិងលំនៅឋានក្នុងប្រទេសកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង និងក្លាយជាទីដែលគួរឱ្យចង់រស់នៅ ប្រកបដោយអនាម័យនិងបរិស្ថានស្អាត។ ជាមួយនេះដើម្បីរក្សាស្ថិរភាពក្នុងទីក្រុងឱ្យបានល្អនោះត្រូវធ្វើយ៉ាងណាកុំឱ្យមានការបែងចែកគំលាតក្នុងការរស់នៅរវាងអ្នកមាននិងអ្នកមានជីវភាពមធ្យម ឬអ្នកក្រីក្រ ដោយធ្វើយ៉ាងណាឱ្យទាំងអស់គ្នាអាចរស់នៅជាមួយគ្នាបានដែលនេះ គឺជាចំណុចយុទ្ធសាស្ត្រក្នុងការកសាងទីក្រុង សំដៅរក្សាស្ថិរភាពនិងកុំឱ្យមានការបែកបាក់ក្នុងសង្គម។
ដោយឡែក កម្ពុជាចាប់ពីពេលនេះទៅមុខនឹងមានបុរីជនបទ មានន័យថាគ្រប់ទីប្រជុំជនទាំងអស់នឹងមានទឹក អគ្គិសនី ផ្លូវ សាលារៀន មណ្ឌលសុខភាពនិងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់បែបយ៉ាងដែលមានន័យថាប្រជាជនរស់នៅជនបទក៏មានជីវិតរស់នៅដូចអ្នកនៅទីក្រុង ហើយក៏នឹងកសាងសង្គមឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត មានទ្រនំសុភមង្គលសំរាប់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកសិក្ខាសាលានេះថាមានសារៈសំខាន់ ជាការកសាងសមត្ថភាពមន្ត្រី សមត្ថភាពស្ថាប័ននិងគួរតែរៀបចំឱ្យបានទៀងទាត់ហើយបើកចំហ ដើម្បីប្រមូលធាតុចូលនិងការឯកភាពគ្នាថាតើយើងទាំងអស់គ្នាចង់រៀបចំប្រទេសកម្ពុជាដោយរបៀបណា។
លើសពីនេះ ឯកឧត្តម នឹងផ្ដល់នូវការគាំទ្រលើកទឹកចិត្តទាំងស្មារតី ទាំងថវិកានិងនយោបាយជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងការរៀបចំសិក្ខាសាលានេះឱ្យបានជាប់ជាប្រចាំ ដើម្បីផ្ដល់វេទិកាបើកចំហដល់អ្នកដែលមានបំណងចង់ចូលរួម ក្នុងនោះមាននិស្សិតនិងអ្នកដែលប្រកបអាជីពខាងវិស័យនេះក្នុងការក្រេបយកចំណេះដឹងនិងជជែកវែកញែកសំដៅសម្រេចបាននូវការឯកភាពគ្នា។
សូមជម្រាបថា សិក្ខាសាលាដែលរៀបចំឡើងនាពេលនេះគឺក្នុងគោលបំណងដើម្បីឱ្យសិក្ខាកាមបានយល់ដឹងក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងរួមគ្នាកសាងអនាគតរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង៕
ដោយ / គ្រី សម្បត្តិ