ឯកឧត្តម សែម សុខា៖ ប្រកួតកីឡាស៉្បេស្យាល់អូឡាំពិកថ្នាក់ខេត្ត បានរួមចំណែក និងលើកស្ទួយវិស័យពិការភាព និងបានបណ្តុះបណ្តាលមន្រ្តីជំនាញដល់ជន​ពិការខ្សោយសតិបញ្ញា

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ ក្រសួងសង្គមកិច្ច បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹង គណៈកម្មាធិកាជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងអនុគណៈ​កម្មាធិការ​ស្ប៉េស្យាល់អូឡាំពិកការងារទាំងអស់ ដែលបានរួមចំណែកលើកស្ទួយ​វិស័យពិការភាព និងបានបណ្តុះបណ្តាលមន្រ្តីជំនាញ ការហ្វឹកហាត់ ក្នុងគោលបំណង​ផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញាបានចូលរួមក្នុងសកម្មភាពសង្គម តាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់ ។

ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា បានលើកឡើងបែបនេះ ក្នុងពិធីបើកការប្រកួតកីឡាស៉្បេស្យាល់អូឡាំពិក​ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ ខេត្តកំពត, ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ។

លោក ខាន់ សុខ អភិបាលរងខេត្តកំពត មានប្រសាសន៍ថា ការប្រកួតកីឡាស្ប៉េស្យាល់​អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ និងកម្មវិធីត្រួតពិនិត្យសុខភាពកីឡាករ កីឡាការិនី បញ្ញាខ្សោយ ក្នុងគោលបំណងគឺ ផ្ដល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ខ្សោយសតិ​បញ្ញា ថ្នាក់ភូមិ ឃុំ ស្រុក ខេត្តបានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ដើម្បីចែករំលែកបទ​ពិសោធន៍ ភាពសប្បាយរីករាយពីគ្នាទៅវិញទៅមក លើកកម្ពស់ ជនបញ្ញាខ្សោយ និងលុបបំបាត់ពីការរើសអើងផ្សេងៗនៅក្នុងសង្គម។

ឯកឧត្តម សែម សុខា បានចាត់ទុកកម្មវិធីនេះ ជាឱកាសដ៏ល្អមួយក្នុងការជួបជុំគ្នា ដើម្បីបានយល់ដឹង និងជ្រួតជ្រាបបន្ថែមពីចលនាកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលបាននិងកំពុងអនុវត្តសកម្មភាពការងារពីដំណាក់មួយទៅដំណាក់កាលមួយ ក្រោមការដឹកនាំដ៏ប៉ិនប្សព្វ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍ​ប្រព័ន្ធ​គាំពារសង្គម ដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល ដើម្បីលើកកម្ពស់ការកសាង និងអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់​ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងងាយរងហានិភ័យ ជាពិសេស ចូលរួមចំណែកកាត់​បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់​រាជរដ្ឋា​ភិបាលឈានទៅសម្រេចបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិត​ខ្ពស់​នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ សរុបប្រតិភូកីឡា និងគណៈកម្មការបច្ចេកទេស អណាព្យាបាលនិង​សិស្សសិស្ស​កាកបាទក្រហម និងកាយរឹទ្ធិ ចំនួន ២០៩នាក់ មកពីខេត្តកំពត តាកែវ និងខេត្តកណ្តាល ។ ប្រកួតលើ៣ប្រភេទកីឡា គឺកីឡាអត្តពលកម្ម បុរស-នារី , កីឡាបាល់ទាត់យូនីហ្វាយ បុរស និងនារី និងកីឡាប៊ូល ៖ ១ នាក់ទល់១ នាក់ និង ២នាក់ទល់២នាក់ ៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner