សម្តេចមហារដ្ឋសភា ឃួន សុដារី ៖ ការចូលរួមចំណែករបស់មិត្តចិន បានជួយលើកកម្ពស់ឯករាជ្យភាពផ្នែកនយោបាយ និងអធិបតេយ្យភាពរបស់កម្ពុជា
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូចិន ដឹកនាំដោយលោកជំទាវ ចុង មីង (Zong Ming ) អនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍សភាតំណាងប្រជាជនក្រុងសៀងហៃ ប្រទេសចិន ។
សម្តេចប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណដល់មិត្តចិន ដែលតែងតែជួយគាំទ្រដល់កម្ពុជាសម្រាប់ការអភិវឌ្ ប្រទេស សេដ្ឋកិច្ច-សង្គម សន្តិសុខ ក្នុងនោះផ្លូវ ស្ពាន សាលារៀន វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ ក៏ជាចំណែកនៃការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលចិន។ «មិនថា ជាការវិនិយោគ ឬ ប្រាក់ជំនួយរបស់ចិននោះទេ គឺមិនដែលមាន លក្ខខណ្ឌភ្ជាប់មកជាមួយ ដែលតម្រូវឱ្យកម្ពុជាត្រូវតែធ្វើនេះធ្វើនោះទេ ដោយកម្ពុជាមានឯករាជ្យភាព ក្នុងការធ្វើសេចក្តីសម្រេចចិត្តតាមបរិបទរបស់ខ្លួនឯង»។
សម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ការចូលរួមចំណែករបស់មិត្តចិន ក្នុងការជួយគាំទ្រដល់កម្ពុជា សម្រាប់ការអភិវឌ្ឍប្រទេស សេដ្ឋកិច្ច-សង្គម សន្តិសុខ គឺជាការចូលរួមមួយដ៏សំខាន់ ដែលជំរុញ និងលើកកម្ពស់ដល់ឯករាជ្យភាពផ្នែកនយោបាយ និងអធិបតេយ្យភាពរបស់កម្ពុជា។
លោកជំទាវ ចុង មីង (Zong Ming ) បានបញ្ជាក់នូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដោយបានសន្យាជំរុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាសម្រេចឱ្យបាន នូវគោលដៅដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ(កម្ពុជា-ចិន) បានដាក់ចេញកន្លងមក ក្នុងគោលបំណងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាពិសេសកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, កិច្ចសហប្រតិបត្តិការច្រករបៀងឧទ្យានឧស្សាហកម្ម និងបច្ចេកវិទ្យា, កិច្ចសហប្រតិបត្តិការច្រករបៀងមច្ឆា និងអង្ករ ដើម្បីជាការបង្ហាញអំពីសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
លោកជំទាវ បានគោរពអញ្ជើញសម្តេចមហារដ្ឋសភាធិការធិបតី ទៅបំពេញទស្សនកិច្ចនៅក្រុងសៀងហៃ គ្រាដែលតំបន់ស្វ័យតមួយនេះពោរពេញទៅដោយសក្តានុពលសេដ្ឋកិច្ច និងវិនិយោគដូចជាមានកំពង់ផែអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ជាដើម ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ