ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះពិនិត្យមើលសកម្មភាពរៀបចំទីតាំងដីសម្បទានសង្គមកិច្ច ក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យមើលសកម្មភាពរៀបចំទីតាំងដីសម្បទានសង្គមកិច្ច ការដាំបង្គោលព្រំដីឡូត៍ និងការសាងសង់ផ្លូវដី ស្ថិតនៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ដែលបាននិងកំពុងអភិវឌ្ឍន៍ទៅជាបុរីជនបទនាពេលខាងមុខ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំឱ្យមានការរៀបចំដាំដើមឈើឱ្យបានច្រើន និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋ នៅក្នុងគម្រោងឱ្យឆាប់រហ័សដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានដីដែលជាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច នេះ ត្រូវប្រែក្លាយឲ្យទៅជាតំបន់កសិកម្ម បង្កបង្កើនផល លើកស្ទួយជីវភាពក្នុងគ្រួសារ ។
សូមបញ្ជាក់ថា តាមរយៈគម្រោង LASED lll រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ដីឡូតិ៍លំនៅដ្ឋាន និងដីឡូតិ៍កសិកម្ម ដល់ប្រជាពលរដ្ឋ ២៤៩គ្រួសារ ឃុំប្រស្នឹប ស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង ក្នុងនោះបានយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធទឹក-ភ្លើង ងាយស្រួលក្នុងការរស់នៅ និងប្រកបរបរទទួលទាន ។
គួររំលឹកផងដែរថា ការចាប់ឆ្នោតជ្រើសរើសយកដីឡូតិ៍លំនៅដ្ឋាន និងដីឡូតិ៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ច នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច ដំណាក់កាលទី៣ ( LASED lll ) នៅឃុំប្រស្នឹប ស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។
ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជា ក្នុងអាណត្តិទី៧ នីតិកាលទី១ បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតសំខាន់ជាអាទិ៍រួមមាន ៖ ធនធានមនុស្ស ទឹក ភ្លើង ផ្លូវថ្នល់ បច្ចេកវិទ្យា ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម ៕
ដោយ / គ្រី សម្បត្តិ