កម្ពុជាបន្ថែមសកម្មភាពថ្មីចំនួន៣ ក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ៖កម្ពុជាបន្ថែមសកម្មភាពថ្មីចំនួន៣ ក្នុងផែនការសកម្មភាព​សៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញា​អូតាវ៉ា ដែលផ្តោតសំខាន់លើបញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំង​មនុស្សកែឆ្នៃ។ យោងតាមការបញ្ជាក់ដោយឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញា​អូតាវ៉ាឆ្នាំ២០២៤ បានពន្យល់ថា ការបន្ថែមសកម្មភាពចំនួន៣នេះ គឺស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។

ការថ្លែងរបស់ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋ​មន្រ្តី លី ធុជ បានធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិគ្រោះ​យោបល់ ផ្តល់ធាតុចូលលើផែនការសៀមរាប-អង្គរ ឆ្នាំ២០២៥-​២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាម​គ្រាប់មី​ប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីស្នាក់ការអាជ្ញាធរ​មីនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តថា ដើម្បីឱ្យការអនុវត្ត​ផែនការសកម្មភាពសៀមរាប-អង្គរ មានលក្ខណៈគ្រប់ជ្រុងជ្រោយ កម្ពុជាបានខិតខំប្រឹងប្រែងបំពេញបន្ថែម និងប្រមូលធាតុចូល​ប្រកបដោយការយកចិត្តទុកដាក់ពីគ្រប់វេទិកា ទាំងផ្លូវការ និងក្រៅ​ផ្លូវការ ក្នុងនោះរួមមានសន្និសីទថ្នាក់តំបន់ កិច្ចប្រជុំរដ្ឋភាគី កិច្ចប្រជុំ​ដៃគូ សិក្ខាសាលា ជំនួបពហុភាគី និងជំនួបទ្វេភាគីជាដើម ។ នៅជា​មួយគ្នានោះ កម្ពុជាបានដាក់បន្ថែមសកម្មភាពថ្មីសំខាន់ចំនួន៣ ក្នុង​ផែនការសកម្មភាពសៀមរាប-អង្គរ រួមមាន៖ បញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំងមនុស្សកែឆ្នៃ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសរំលេចថា សហគមន៍អន្តរជាតិ បាន​ទទួល​ស្គាល់នូវផែនការសកម្មភាពទីក្រុងអូស្លូ ២០២០-២០២៤ មានប្រសិទ្ធភាពខ្ពស់ ហើយការអនុវត្តផែនការសកម្មភាពនេះទទួល​បាន​លទ្ធផលគួរជាទីកត់សម្គាល់ ដើម្បីសម្រេចបាននូវគោល​ដៅរបស់អនុសញ្ញាអូតាវ៉ា ។ ផែនការសកម្មភាពទីក្រុងអូស្លូ ត្រូវបាន​យកមកប្រើប្រាស់ធ្វើជាមូលដ្ឋាន និងតាក់តែងសម្រាប់​ការរៀបចំ​ផែន​ការសកម្មភាពសៀមរាប-អង្គរឆ្នាំ២០២៥-២០២៩ ទោះបីមានបញ្ហា​ប្រឈមមួយចំនួនក៏ដោយ ស្របតាមការវិវត្ត​នៃវិស័យ​សកម្មភាពមីន​សកល ដើម្បីឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន និងគ្មានអ្នក​ណា​បន្តរងគ្រោះដោយសារមីនទៀត។

សំដៅទៅផែនការសកម្មភាពសៀមរាប-អង្គរ ដែលនឹងត្រូវ​អនុម័តឱ្យប្រើប្រាស់ជាផ្លូវការក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ មាន ៩ជំពូក និង ៤៥សកម្មភាពនោះ​ឯកឧត្តម លី ធុជ បានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចុះហត្ថលេខា​ក្នុងកម្មវិធី​បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ នៅជាមួយគ្នានោះ ផែនការសកម្មភាពសៀមរាប-អង្គរ នឹងក្លាយជាឯកសារ​តម្រង់ទិសរបស់អនុសញ្ញាអូតាវ៉ារយៈពេល៥ឆ្នាំបន្តទៀត ដែលវានឹងត្រូវចារ​ក្នុង​ប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ និងសកលលោកទាំងមូល។

គួរបញ្ជាក់ថា កម្ពុជា គឺជាប្រទេសទី៥ នៅលើសកលលោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ី ដែលបានទទួលសិទ្ធិក្នុង​ការធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះកិច្ចប្រជុំ​ត្រួតពិនិត្យឡើងវិញ នៃអនុសញ្ញាអូតាវ៉ា ។ កិច្ចប្រជុំលើកទី១ ត្រូវបានគេរៀបចំធ្វើនៅប្រទេសកេនយ៉ា ឆ្នាំ២០០៤ លើកទី២ នៅប្រទេសកូឡុំប៊ី ឆ្នាំ២០០៩ លើកទី៣ នៅប្រទេសម៉ូសំប៊ិក ឆ្នាំ២០១៤ លើកទី៤ នៅប្រទេសន័រវែស ឆ្នាំ២០១៩ និងលើកទី៥ នៅប្រទេសកម្ពុជា ឆ្នាំ២០២៤ ដែលនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកា ២០២៤ ខាងមុខនេះ ។

អនុសញ្ញាអូតាវ៉ា ឬហៅបានថា អនុសញ្ញាស្តីពីការហាមប្រាម​ការប្រើ​ប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការ​ហាម​ប្រាម ការប្រើប្រាស់ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល។ អនុសញ្ញានេះ គឺជាការឆ្លើយតបគ្រប់​ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើង​ដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធដែលបង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ ៕
ដោយ៖គង់ សុផុល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner