សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកភាពឱ្យរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់របស់កម្ពុជា រវាងប្រទេសឡាវ-វៀតណាមនិងថៃ ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពឱ្យឯកឧត្តមបណ្ឌិត ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា រវាងប្រទេសឡាវ-វៀតណាមនិងថៃ តាមការស្នើសុំរបស់លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
ការឯកភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈចំណារលើលិខិតស្នើរបស់លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
លោកជំទាវ ពោធិតី សាវត្ថី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានដាក់លិខិតគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំអញ្ជើញឯកឧត្តមបណ្ឌិត ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជារវាងប្រទេសឡាវ-វៀតណាម និងថៃ។
ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ បានជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាថា៖ យោងតាមព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន ដែលបង្កើតឡើងដោយក្រុមជ្រុលនិយម ដែលមានមេខ្លោងជាជនក្បត់ជាតិ៣ជំនាន់ ដើម្បីធ្វើជាលេសក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ប្រតិភូគណបក្សធម្មាធិបតេយ្យ មានបំណងស្នើសុំអញ្ជើញឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការ ព្រំដែន មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជារវាងប្រទេសឡាវ-វៀតណាម និងថៃ ដែលរាជរដ្ឋាភិបាលបានធ្វើរួចហើយឱ្យប្រតិភូយើងបានយល់ច្បាស់ ដើម្បីជាចំណេះដឹងមូលដ្ឋានគ្រឹះ ងាយស្រួល យកទៅពន្យល់ប្រជាពលរដ្ឋខ្មែរឱ្យពួកគាត់បានយល់ច្បាស់ កុំជឿតាមល្បិចកលទុច្ចរិតរបស់ពួកក្រុមជ្រុលនិយមទៀត៕
ដោយ៖ពលជ័យ