យុវជនអាហ្រ្វិក៦០%សម្រុកចាកចេញពីប្រទេសព្រោះពុករលួយ

បរទេស៖ យុវជនអាហ្រ្វិកជិត៦០ភាគរយចង់សម្រុកចាកចេញពីប្រទេសរបស់ពួកគេ ដោយសារតែរដ្ឋាភិបាលមិនអាចទប់ស្កាត់អំពើពុករលួយបាន នេះបើយោងតាមការស្ទង់មតិថ្មី របស់ស្ថាប័ន African Youth Survey ឆ្នាំ២០២៤ ដែលស្ទាបស្ទង់ នៅទូទាំង១៦ប្រទេស នៅក្នុងទ្វីបអាហ្វ្រិក។

របាយការណ៍ដែលចេញផ្សាយ កាលពីថ្ងៃអង្គារ បានបង្ហាញថា ការស្ទង់មតិបានធ្វើលើមនុស្សចំនួនជិត៦ពាន់នាក់ មានអាយុចន្លោះពី១៨ ទៅ ២៤ឆ្នាំ នៅក្នុងប្រទេស Botswana, Cameroon, Chad, Congo, Ivory Coast, Ethiopia, Gabon, Ghana, Kenya, Malawi, Namibia, Nigeria, Rwanda, South Africa, Tanzania និង Zambia។ ការស្ទង់មតិធ្វើឡើង តាមរយៈការសម្ភាសន៍ ទល់មុខគ្នា កាលពីខែមករា និងខែកុម្ភៈ។

ការស្ទង់មតិបានបង្ហាញពីយុវជនជិត៥៨ភាគរយ ដែលនិយាយថា ពួកគេចង់ធ្វើចំណាកស្រុក ទៅកាន់ប្រទេសមួយផ្សេងទៀត ដោយសារតែអំពើពុករលួយ ដែលបានរារាំងពួកគេ មិនមានលទ្ធភាពចូលបម្រើការងារ។ យុវជនទាំងនោះបាននិយាយថា «មានការព្រួយបារម្ភខ្លំាំងថា អំពើពុករលួយរីករាលដាល នៅគ្រប់វិស័យផ្សេងៗគ្នា រួមទាំង ស្ថាប័រដ្ឋាភិបាល និងមូលដ្ឋានអាជីវកម្ម និង កងកម្លាំងប៉ូលីស»។

ធនាគារអភិវឌ្ឍន៍អាហ្រ្វិកបាននិយាយថា អាហ្វ្រិកគឺជាផ្ទះរបស់យុវជនជិត៤២០លាននាក់ ដែលមានអាយុពី១៥ ដល់ ៣៥ឆ្នាំ ក្នុងនោះ មួយភាគបីនៃពួកគេ គ្មានការងារធ្វើ។ ប្រភពបន្តថា អាហ្វ្រិកក៏ជាប្រទេសមានប្រជាជនក្មេងជាងគេ និងកើនឡើងលឿនបំផុត របស់ពិភពលោក ដោយគេបានព្យាករណ៍ថា នឹងកើនឡើងទ្វេដង ដល់ជាង ៨៣០លាននាក់ នៅឆ្នាំ២០៥០។

ប្រភពបានបន្តថា តំបន់អាមេរិកខាងជើង គឺជាគោលដៅកំពូលរបស់ពួកគេ ក្នុងការចង់ភៀសខ្លួនទៅ។ បន្ទាប់មក គឺ ចក្រភពអង់គ្លេស,បារាំង, អាល្លឺម៉ង់ និងអេស្ប៉ាញ ដែលស្ថិតនៅប៉ែកអឺរ៉ុប។ ក្រៅពីអំពើពុករលួយ ការជ្រែតជ្រែកពីបរទេស ក៏រួមចំណែកដាក់សំពាធឲ្យយុវជនទាំងនោះ ពិបាករស់នៅ និងចង់ចាកចេញពីប្រទេសផងដែរ៕

ប្រភពពី Aljazeera ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner