អូស្ត្រាលីបិទមហាវិទ្យាល័យរាប់សិបកន្លែងទប់ស្កាត់ជនអន្តោប្រវេសន៍
បរទេស៖ រដ្ឋមន្ត្រីក្រសួងអប់រំប្រទេសអូស្ត្រាលី បានអះអាងថា មហាវិទ្យាល័យជាង១០០ត្រូវបានបិទទ្វារ ខណៈដែលមានករណីជនអន្តោប្រវេសន៍ បន្លំធ្វើជានិស្សិតដើម្បីបានទៅធ្វើការ នៅក្នុងប្រទេសមួយនេះ។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក Jason Clare បានប្រាប់សន្និសីទសារព័ត៌មាន នាពេលថ្មីៗនេះថា «មហាវិទ្យាល័យខ្មោច» ចំនួនជាង១៥០កន្លែងត្រូវបានបិទទ្វារ នាពេលថ្មីៗនេះ ដោយពណ៌នាថា ស្ថាប័នទាំងនេះគឺជា «ទ្វារក្រោយ» ដើម្បីអនុញ្ញាតឱ្យមនុស្សបានទៅធ្វើការ នៅប្រទេសអូស្ត្រាលី ជាជាងទទួលបានការអប់រំ។ លោកថា ដើម្បីការពារឧស្សាហកម្មអប់រំអន្តរជាតិពីជនខិលខូច ដែលព្យាយាមកេងប្រវ័ញ្ចលើវិស័យនេះ ចំនួននិស្សិតអន្តរជាតិ ថ្មីៗ រៀននៅសាកលវិទ្យាល័យ ឬ ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ នឹងត្រូវបានកំណត់ត្រឹមចំនួន២៧ម៉ឺននាក់ ក្នុងឆ្នាំ២០២៥ ដែលជាកម្រិតប្រហាក់ប្រហែលនឹងចំនួនក្នុងឆ្នាំ មុនពេលការរាតត្បាតជំងឺ Covid-19។ ការស្ទង់មតិ Essential បានឱ្យដឹងថា កំណើនអន្តោប្រវេសន៍ នាំឲ្យតម្លៃផ្ទះឡើងខ្ពស់ ផងដែរ។
យ៉ាងណាក៏ដោយ ឧស្សាហកម្មអប់រំមួយនេះផ្តល់ចំណូលរាប់ពាន់លានដុល្លារ ដល់ប្រទេសមួយនេះ នាំឲ្យការកំណត់ចំនួននិស្សិតអន្តរជាតិបែបនេះ រងការរិះគន់។ លកលវិទ្យាធិការនៃសាកលវិទ្យាល័យអូស្ត្រាលី Universities Australia លោក David Lloyd បាននិយាយថា គឺជាសិទ្ធិរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងចំនួនការធ្វើចំណាកស្រុក ប៉ុន្តែ មិនគួរធ្វើចំពោះវិស័យអប់រំនោះទេ។ លោកអះអាងថា និស្សិតអន្តរជាតិគឺជាឧស្សាហកម្មធំបំផុតទីពីរ របស់ប្រទេសអូស្ត្រាលី បន្ទាប់ពីវិស័យរុករករ៉ែ ដែលស្មើនឹងជាងពាក់កណ្តាល នៃកំណើនសេដ្ឋកិច្ច របស់ប្រទេសអូស្ត្រាលី កាលពីឆ្នាំមុន។
ទិន្នន័យផ្លូវការបានបង្ហាញថា និស្សិតបរទេសបានចំណាយប្រាក់២៨ពាន់លានដុល្លារអាមេរិក សម្រាប់ការសិក្សានៅសាកលវិទ្យាល័យ និងមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈនានា ក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០២៣។
តួលេខផ្លូវការបង្ហាញថា ការធ្វើចំណាកស្រុក ទៅកាន់ប្រទេសអូស្ត្រាលី បានកើនឡើង ជាង២៦ភាគរយ ពោលគឺកើនដល់ ជិត៥៥ម៉ឺននាក់ កាលពីឆ្នាំមុន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត