អភិបាលខេត្ត៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ
រតនគិរី៖ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ភូមិកាម្មាំង ភូមិស៊ូ និងភូមិញល ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបន្តយកចិត្តទុកដាក់ខ្ពស់លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្តទៀតថា តាមផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីបានដាក់ចេញជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានចប់ត្រឹមឆ្នាំ២០២៥ ក្រោមពាក្យស្លោក “ចុះបញ្ជីបញ្ចប់ ចែកប័ណ្ណ បរិយាកាសគ្មានវិវាទ”។
ជាមួយនឹងលទ្ធផល ឯកឧត្តមអភិបាលខេត្តបានអបអរសាទរជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ដីដែលបានទទួលប័ណ្ណសម្គាល់កម្ម
សិទ្ធនាពេលនេះ។ឯកឧត្តមបញ្ជាក់ថាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជីដំបូង ហើយផ្តល់នូវសារសំខាន់ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីធានានូវភាពស្របច្បាប់នៃការកាន់កាប់ ភាពច្បាស់លាស់នៃការកាន់កាប់ កាត់បន្ថយទំនាស់ដីធ្លី កាត់បន្ថយភាពក្រីក្រ ។ពិសេសគឺការប្រើប្រាស់ និងចាត់ចែងផ្សេងទៀតតាមដែលអាចធ្វើបាន។
បើតាមការលើកឡើងពីលោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីខេត្តឱ្យដឹងថា ភូមិទាំង៣ ដែលទទួលបានវិញ្ញាបនបត្រសម្គាល់
ម្ចាស់អចលនវត្ថុនាពេលនេះមានចំនួន ៨៥៨វិញ្ញាបនបត្រ៕
ដោយ៖ គតិ យុត្ត