រដ្ឋបាលខេត្តបាត់ដំបងប្រាប់ថា ការបង្រ្កាបក្មេងទំនើង និងរាល់បទល្មើស មិនត្រូវបន្ធូរដៃ
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរ មន្រ្តីជំនាញ និងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រដ្ឋបាលស្រុក-ក្រុងទាំង១៤ត្រូវតែពង្រឹងសមត្ថភាពនៃកងកម្លាំងរបស់ខ្លួន ក្នុងការចាត់វិធានម៉ឺងម៉ាត់បង្រ្កាបក្មេងទំនើង គ្រឿងញៀន និងរាល់បទល្មើសល្បែងស៊ីសងនានា។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ បានបន្ថែមទៀតថា ក៏ត្រូវបង្រ្កាបផងដែរល្មើសជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ បទល្មើសព្រៃឈើ បទល្មើសនេសាទ ការទន្រ្ទានដីព្រៃលិចទឹក ។ឯកឧត្តមបន្ថែមថា ត្រូវតែម៉ឺងម៉ាត់ក្នុងការពង្រឹងការងារគ្រប់គ្រងអាវុធជាតិផ្ទុះ ,បទល្មើសឆ្លងដែន។ពិសេស ត្រូវទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ឱ្យ
បាននិងវែកមុខបង្រ្កាបមេខ្យល់ដែលនាំពលករឆ្លដែនខុសច្បាប់ទាំងនោះ ដោយគ្មានករណីលើកលែងដាច់ខាត។
តាមរបាយការណ៍បង្ហាញក្នុងកិច្ចប្រជុំឱ្យដឹងថា មុខសញ្ញាក្មេងទំនើងកំពុងគ្រប់គ្រងបច្ចុប្បន្នទូទាំងខេត្តមានចំនួន៤៧៨នាក់ ស្មើ
នឹង១០០ក្រុម និង មុខសញ្ញាទោល ចំនួន ១៤៩នាក់ ដែលធ្លាប់ពាក់ព័ន្ធ នឹង បទល្មើសព្រហ្មទណ្ឌ ២៣៣នាក់,គ្រឿងញៀន២៨នាក់,បង្កការអុកឡុក១១៧នាក់,បង្ហោះម៉ូតូ៩៣នាក់ និង គេចសាលា៧នាក់។
ដោយឡែក ក្នុងខែសីហាកន្លងទៅ បទល្មើសព្រហ្មទណ្ឌកើតឡើង១៣លើក។ឯលទ្ធផលបង្រ្កាបបាន១០០ភាគរយនៃចំនួនបទល្មើសកើតឡើង។ បន្ថែមពីនេះកម្លាំងសមត្ថកិច្ច បានចុះបង្រ្កាបករណីក្មេងទំនើងបានចំនួន៨ករណី ឃាត់ខ្លួន៥០នាក់។ក្នុងនោះចាត់វិធានការផ្លូវច្បាប់ ៦ករណី,ឃាត់ខ្លួន៤៦នាក់ និង ចាត់វិធានការរដ្ឋបាល ចំនួន២ករណី, អប់រំ ៤នាក់៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.