ប្រជាពលរដ្ឋ២ភូមិ ក្នុងឃុំក្បាលរមាសទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
ស្ទឹងត្រែង៖ប្រជាពលរដ្ឋចំនួន២ភូមិ នៃឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ទទួលបានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ និងមោឃភាពនៃបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ពីមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ។
ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋមកពីភូមិស្រែស្រណុក និងភូមិក្របីជ្រុំ ឃុំក្បាលរមាស ប្រព្រឹត្តទៅនៅបរិវេណសាលាឃុំក្បាលរមាស ស្រុកសេសាន ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង លោកស្រី កុត ប៊ុនមី សមាជិកាក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។
ក្នុងឱកាសនេះឯកឧត្តម សរ សុពុត្រា បានថ្លែងទៅកាន់ប្រជាពលរដ្ឋចូលរួមថា ការទទួលបានបណ្ណនាពេលនេះ បង្ហាញពីការទទួលបាននូវកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ហើយបណ្ណនេះក៏មិនត្រឹមតែបង្ហាញពីការកាន់កាប់ទ្រព្យ ឬមរតកប្រកបដោយស្របច្បាប់ប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយនៃការបញ្ចប់ទំនាស់ដីធ្លីរវាងឪពុកនិងកូន ,បងប្អូនក្រោយបែងចែកទ្រព្យសម្បត្តិមិនច្បាស់លាស់ នឹងគ្នាផងដែរ។អ្នកដែលមានឈ្មោះនៅក្នុងបណ្ណនេះ គឺជាម្ចាស់អចនលទ្រព្យពិតប្រាកដ ហើយក៏មានសិទ្ធិបែងចែកបន្តទៀតទៅកាន់អ្នកដែលគាត់សម្រេចចង់បែងចែកនោះដែរ។
លោក ទេព ឌីលី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្រុមការងារមន្ទីរបានវាស់វែងចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិស្រែស្រណុកបានចំនួន៧០៣ក្បាលដី និងស្នើសុំចេញបណ្ណចំនួន៣៨
៣ក្បាលដី ស្មើនឹង១៩២គ្រួសារ ។ ដោយឡែកភូមិក្របីជ្រុំ បានចុះវាស់វែងនិងចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធចំនួន៨៥៩ក្បាលដី និងស្នើរសុំចេញបណ្ណចំនួន៤៥១ក្បាលដី ស្មើនឹង២២៦គ្រួសារ៕
ដោយ៖ដេង ម៉ាវិន