កម្មករនិយោជិតរោងចក្រ FOREST GARMENT ចូលរួមមូលនិធិជាមួយ​រាជរដ្ឋាភិបាលព្រោះចង់រួមចំណែកអភិវឌ្ឍន៍ព្រំដែន

ភ្នំពេញ៖ កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់ FOREST GARMENT នៅតំបន់ទួលសង្កែ រាជធានីភ្នំពេញ បានសម្តែងការរីករាយដោយបាន​ចូលរួមបរិច្ចាគ​ថវិកាជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រោះចង់រួមចំណែកអភិវឌ្ឍន៍តំបន់ព្រំដែន​ឱ្យមានភាពទាក់ទាញ។ 

កម្មករនិយោជិតក្នុងរោងចក្រ ហ្វរ័រេស ហ្គាមិន  (FOREST GARMENT) បានឱ្យដឹងថា ការចូលរួមថវិកាជូនមូលនិធិអភិវឌ្ឍន៍ព្រំដែនជាមួយរាជរដ្ឋភិបាល គឺជាទឹកចិត្តស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យតំបន់ព្រំដែនមានការអភិវឌ្ឍរីកចម្រើន មានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត។ នេះគឺជាការបង្ហាញទឹកចិត្តស្នេហាជាតិ ការរួបរួមគ្នារបស់ប្រជាជាតិទាំងអស់ក្នុងការកសាងរបងការពារជាតិយ៉ាងរឹងមាំគឺហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់បណ្ដោយព្រំដែន កម្ពុជាជាមួយនឹងប្រទេសជិតខាង។

អ្នកស្រី ឃុន ដាវី អាយុ៣២ឆ្នាំ ជាកម្មការិនីរោងចក្រ FOREST GARMENT និយាយថា៖«ការដែលខ្ញុំចង់ចូលរួមមូលនិធិហ្នឹង គឺខ្ញុំចង់ឱ្យមានការអភិវឌ្ឍព្រំដែន ហើយនិងឱ្យមានភ្ញៀវទេសចរទៅកម្សាន្តនៅព្រំដែនហ្នឹងឱ្យបានច្រើន មានការវិនិយោគដែលធ្វើឱ្យប្រជាជនមានការងារធ្វើ  មានតែការអភិវឌ្ឍព្រំដែនទេ ដែលធ្វើឱ្យព្រំដែនយើងរឹងមាំ»។

ស្រដៀងគ្នានេះអ្នកស្រី ឡុង នីដាវឌ្ឍនា អាយុ៣៨ឆ្នាំ បុគ្គលិករដ្ឋបាលនៃរោងចក្រ FOREST GARMENT ប្រាប់ថា៖«ខ្ញុំបានចូលរួមថវិកាបន្តិចបន្តួច​ក្នុងការអភិវឌ្ឍ​នៅតំបន់ព្រំដែនឱ្យមានសោភ័ណភាពសម្រាប់ទាក់ទាញភ្ញៀវទេសចរ ចង់ឱ្យតំបន់​នោះក្លាយជាតំបន់សេដ្ឋកិច្ចរីកចម្រើនឡើង ដោយសារទីនោះជាតំបន់ដាច់ស្រយាល ចឹងយើងអាចចូលរួមទាំងអស់គ្នាបាន មិនថាតិចតួចក្តី ច្រើនក្តី តាមស្ថាប័ន ផ្ទាល់ខ្លួន ឬតំបន់ដែលយើងរស់នៅក៏បានដែរ»។

ជាមួយគ្នានេះ លោក ញ៉ឹប សុខសេន អាយុ២៩ឆ្នាំ និយាយថា៖«ខ្ញុំស្រលាញ់ប្រទេស​ជាតិ និងចង់ឱ្យមានការអភិវឌ្ឍតំបន់ព្រំដែន ទើបបានជាខ្ញុំចូលរួមជាមួយរាជរដ្ឋាភិបាល​តារយៈមូលនិធិរបស់សម្តេចហ៊ុនម៉ាណែតរឿងព្រំដែន។ ធម្មតាកាលណាតំបន់ហ្នឹង​អភិវឌ្ឍន៍​ខ្ញុំជឿថា ភ្ញៀវទេសចរក៏ទៅលេងច្រើន វិនិយោគក៏មាន ការងារក៏សម្បូរ»។

រីឯអ្នកស្រី ធឿន បូតី អាយុ២៥ឆ្នាំ ជាកម្មការិនីរោងចក្រ FOREST GARMENT ម្នាក់​ទៀតលើកឡើងថា៖«នាងខ្ញុំស្ម័គ្រចិត្តចូលរួមមូលនិធិនេះ គឺចង់ឱ្យមានការ​អភិវឌ្ឍ​ហើយងាយស្រួលទៅលេងនៅតំបន់ហ្នឹង ចង់ឱ្យមានភ្ញៀវទេសចរទៅលេងច្រើន ព្រោះមានតែការអភិវឌ្ឍតំបន់ព្រំដែនទេ ដែលធ្វើឱ្យព្រំដែនប្រទេសយើងរឹងមាំ»។

ជាមួយគ្នានេះ កម្មករនិយោជិតនៅរោងចក្រ FOREST GARMENT បានអំពាវនាវ​ដល់បងប្អូនជនរួមជាតិទាំងអស់ មិនថាក្នុងស្រុក ឬក្រៅប្រទេសទេ បើពិតជាស្រលាញ់​ជាតិមាតុភូមិ ចង់ឱ្យប្រទេសជាតិរីក​ចម្រើនជឿនលឿនបានកាន់តែឆាប់រហ័ស គួរតែចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ​តាមព្រំដែន ឱ្យបានគ្រប់ៗគ្នា៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner