ញញឹមស្ងួត! Putin ថាគាំទ្រលោកស្រី Harris ឲ្យឈ្នះ Trump

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និយាយជាសាធារណៈ ទាំងទឹកមុខញញឹមស្ងួតថា លោកគាំទ្រលោកស្រី Kamala Harris មកពីគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោត នៅសហរដ្ឋអាមេរិក នាថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ។

ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចបូព៌ាប្រចាំឆ្នាំ នៅក្នុងទីក្រុង Vladivostok កាលពីថ្ងៃព្រហស្បតិ៍ លោក Putin បានឆ្លើយតបនឹងសំណួរ ជុំវិញការបោះឆ្នោត នៅអាមេរិក។ លោកបាននិយាយថា ការបោះឆ្នោតនេះ គឺជាជម្រើសរបស់ប្រជាជនអាមេរិក ប៉ុន្តែ បើនិយាយពីចំណូលចិត្តរបស់លោកវិញ លោកបានលើកឡើងថា «ប្រធានាធិបតីអាមេរិក បច្ចុប្បន្ន លោក Joe Biden បានផ្តល់អនុសាសន៍ថា អ្នកគាំទ្រទាំងអស់របស់គាត់ សូមគាំទ្រលោកស្រី Harris ទៅ ដូច្នេះ យើងនឹងធ្វើដូចគ្នា យើងនឹងគាំទ្រនាងដែរ» ជាការថ្លែងទាំងទឹកមុខញញឹមដ៏ស្ងួត។

លោក Putin បាននិយាយទៀតថា លោកស្រី Harris មានសំណើច គួរឲ្យទាក់ទាញ។ «វាបង្ហាញថា នាងធ្វើបានល្អ ហើយប្រសិនបើលោកស្រី Harris ធ្វើបានល្អ ប្រហែលជានាងនឹងមិនត្រូវបានបដិសេធនោះទេ»។

លោក Putin បានបន្ថែមថា លោក Donald Trump ដែលជាគូប្រជែង មកពីគណបក្សសាធារណរដ្ឋ ធ្លាប់បានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ខ្លាំងជាងប្រធានាធិបតីអាមេរិក ណាទាំងអស់ ដោយគេដឹងថា លោក Donald Trump ធ្លាប់ធ្វើជាប្រធានាធិបតីអាមេរិក បាន១អាណត្តិ គឺចន្លោះពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២១៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner