កម្ពុជា-ឥណ្ឌូណេស៊ី ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត
ក្នុងឱកាសនៃជំនួប ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស និងរឹងមាំលើគ្រប់វិស័យនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតក៏បានគូសបញ្ជាក់ពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងឥណ្ឌូណេស៊ី-កម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។
សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនាពេលនេះ នឹងចូលរួមពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ីថែមទៀត ស្របពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។ សម្តេចធិបតីបានអបអរសារទរឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ ដែលត្រូវបានជាប់ឆ្នោត ជាប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងត្រៀមធ្វើការជាមួយឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរថែមទៀត។
សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត ក៏បានផ្លាស់ប្តូរទស្សនៈអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសក្ដានុពលមួយចំនួន មានជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិនិងសន្ដិសុខ កសិកម្ម និងទេសចរណ៍ រួមទាំងការពិចារណាលើលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរបន្ថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត





