កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថាន និងកិច្ចប្រជុំពាក់ព័ន្ធ នៃមហាអនុតំបន់មេគង្គ លើកទី៦ ចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២៤
(ភ្នំពេញ)៖កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6)នឹងត្រូវរៀបចំឡើងក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីនាំពាក្យក្រសួងបរិស្ថានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន នាល្ងាចថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២៤ថាប្រតិភូរដ្ឋមន្ត្រីបរិស្ថាន នៃមហាអនុតំបន់មេគង្គ ចំនួន៦ប្រទេស រួមជាមួយតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គទូតនានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចូលរួមពិនិត្យ និងពិភាក្សាលើឯកសារយុទ្ធសាស្ត្រនានាដ៏មានសារៈសំខាន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់ ការសម្រេចឱ្យបានពេញលេញ នូវចក្ខុវិស័យនៃមហាអនុតំបន់មេគង្គប្រកបដោយភាពស្អាត បៃតង និងចីរភាព ឆ្ពោះទៅរកការកសាងសហគមន៍នៃតំបន់មួយដែលមានអនាគតរួមគ្នាដ៏ភ្លឺស្វាង។
ឯកឧត្តមបានបន្តឱ្យដឹងថា៖ក្នុងការអនុវត្តកិច្ចគាំពារបរិស្ថាន ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមនិន្នាការសកល ក្នុងការបន្សំ នឹងការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ការបំពុលបរិស្ថានដោយប្លាស្ទិក កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ គ្រោងនឹងពិនិត្យអនុម័តលើឯកសារចំនួនពីររួមមាន៖ទី១ សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមភ្នំពេញ ស្តីពីការទប់ស្កាត់ការបំពុលដោយប្លាស្ទិកក្នុងមហាអនុតំបន់មេគង្គ និងវវវមនទី២សេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ពន្លឿនសកម្មភាពអាកាសធាតុ និងនិរន្តរភាពបរិស្ថាន ក្នុងមហាអនុតំបន់មេគង្គ២០៣០។
គួរបញ្ជាក់ថា៖កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធនេះក៏មានការតាំងបង្ហាញសមិទ្ធផលនានា ដែលចូលរួមចំណែកដល់ប្រសិទ្ធភាពក្នុង ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ របស់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន សហគ្រាស សមាគម និង អង្គការដៃគូសហការនានាផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ