សិស្សសាលាបឋមសិក្សាគំរូក្រុងជាង ២ ០០០ នាក់ទទួលការអប់រំស្ដីពីបញ្ហាគ្រឿងញៀន ចរាចរណ៍ផ្លូវគោក និងក្មេងទំនើង
កំពង់ឆ្នាំង៖សាលាគំរូក្រុងកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ ២០២៤ មន្ត្រីនគរបាលក្រុងកំពង់ឆ្នាំងសហការជាមួយលោកគ្រូ អ្នកគ្រូ លោកនាយកសាលា ធ្វើការអប់រំណែនាំដល់សិស្សានុសិស្សជាង ២ ០០០នាក់ស្ដីពីបញ្ហាគ្រឿងញៀន,ច្បាប់ចរាចរណ៍ផ្លូវគោកនិងក្មេងទំនើង។
លោកវរសេនីយ៍ទោ ហង្ស ប៊ុនហាក់ អធិការរងនគរបាលក្រុងកំពង់ឆ្នាំងមានប្រសាសន៍ថា ក្មួយៗជាសិស្សានុសិស្ស ត្រូវគោរពច្បាប់ចរាចរណ៍ ។ជិះម៉ូតូត្រូវមានមួកសុវត្ថិភាព,មានកញ្ចក់មើលក្រោយ ។ម៉ូតូត្រូវមានស្លាកលេខត្រឹមត្រូវ ការធ្វើដំណើរតាមទោចក្រយានយន្តមិនត្រូវលើសពី២នាក់នោះឡើយ។
លោក មាស ឈុនលី នាយការិយាល័យសុវត្ថិភាព ចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការមិនគោរពច្បាប់ចរាចរណ៍ដូចជាប្រមាថអាយុជីវិតខ្លួនឯង ហេតុនេះ សូមក្មួយៗសិស្សានុសិស្ស ត្រូវគោរពច្បាប់ចរាចរណ៍។
លោក សេន អ៊ុងឆុង នាយព្រហ្មទណ្ឌនគរបាលក្រុងកំពង់ឆ្នាំងបានរំលឹកដល់សិស្សានុសិស្សសូមធ្វើខ្លួនជាពលរដ្ឋល្អ ។
ក្នុងឱកាសនោះមន្ត្រីនគរបាលក្រុងកំពង់ឆ្នាំងក៏បានចែកខិតប័ណ្ណ ស្ដីពីបញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍និងក្មេងទំនើង ដល់សិស្សានុសិស្សចូលរួមចំនួន ២ ៨៦០ នាក់(ស្រី១ ៣៣១នាក់) ផងដែរ៕
ដោយ៖សុខ គឹមសៀន