អភិបាលខេត្តបាត់ដំបងនិងខេត្តច័ន្ទបុរី ជួបគ្នាជំរុញវិស័យទេសចរណ៍និងពាណិជ្ជកម្ម
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តច័ន្ទបុរីប្រទេសថៃ ដឹកនាំដោយឯកឧត្តម មន្តសិទ្ធិ៍ ផៃសានធៈនៈវ័ត្ត អភិបាលខេត្តច័ន្ទបុរី។

ក្នុងជំនួបនាសាលាខេត្តបាត់ដំបងនៅថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៤នេះភាគីទាំងពីរបានផ្ដោតលើសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តទាំងពីរនិងបានជំរុញការលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងខេត្តទាំងពីរធ្វើយ៉ាងណាឱ្យកាន់តែប្រសើរថែមទៀត។

ប្រាប់សមភាគី ឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង បានលើកឡើងពីចំណងមិត្តភាព សាមគ្គីភាព រវាងប្រជាជនកម្ពុជា និងប្រជាជនថៃ ។ឯកឧត្តមគូសរំលេចថា ជាចំណងមិត្តភាពប្រពៃណីដ៏ល្អរវាងខេត្តបាត់ដំបង និងខេត្តច័ន្ទបុរី ដែលជាប់ព្រំដែនគ្នា ។ខេត្តទាំងពីរមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ពិសេសការផ្លាស់ប្តូរកសិផល និងពាណិជ្ជកម្ម ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងពីរ និងស្របតាមគោលបំណងរួមដែលភាគីទាំងពីរ បានព្រមព្រៀងនិងឯកភាពគ្នាកន្លងមក។

ចំណែកឯកឧត្តមអភិបាលខេត្តច័ន្ទបុរី បានបង្ហាញថា ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូនាពេលនេះដើម្បីជំរុញប្រជាពលរដ្ឋថៃ ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តច័ន្ទបុរី ឱ្យមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
ឯកឧត្តមក៏បានលើកឡើងពីបំណងក្នុងការពង្រីកនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃខេត្តទាំងពីរ តាមរយៈការប្រើប្រាស់ប័ណ្ណព្រំដែនដើម្បីឱ្យការធ្វើដំណើរចេញចូលនិងការស្នាក់នៅរបស់ពលរដ្ឋទាំងពីរកាន់តែមានភាពងាយស្រួលជាងមុន។

ភាគីទាំងពីរក៏បានពិភាក្សាផងដែរលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្លងដែន និងជួយសង្រ្គោះជនរងគ្រោះ ដោយសារគ្រឿងញៀន តាមរយៈការជំរុញឱ្យមានការត្រួតពិនិត្យនិងបង្រ្កាបឱ្យមានប្រសិទ្ធភាព នៅតាមច្រកទ្វារព្រំដែន៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

