រដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍
កំពង់ស្ពឺ៖អភិបាលរងខេត្តកំពង់ស្ពឺលោក សុខ សុទ្ធី បានថ្លែងថា ការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ នាពេលនេះ គឺជាការបំផុសចលនាមហាជន ជាពិសេសយុវជនឱ្យចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ពិសេសទម្រង់អាពាហ៍ពិពាហ៍ ម្ហូបអាហារ និងសម្លៀកបំពាក់ប្រពៃណីខ្មែរ ។លោកបន្តថា ក៏ជាបណ្ដុះនូវស្មារតីស្រលាញ់ការយល់ដឹងអំពីគុណតម្លៃ និងការផ្ទេរបន្តទៅឱ្យអ្នកជំនាន់ក្រោយ។
លោក សុខ សុទ្ធី លើកឡើងយ៉ាងដូច្នេះកាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ក្នុងមហោស្រពទម្រង់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ រៀបចំដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ចូលរួមដោយសិល្បៈករ សិល្បៈការិនី សិស្សានុសិស្ស និងម្ចាស់សំអាងការជាច្រើននាក់ នៅសាលមហោស្រពបណ្ណាល័យខេត្តកំពង់ស្ពឺ។
លោកអភិបាលរងខេត្តបន្តថា ព្រឹត្តិការណ៍មហោស្រពនេះនឹងជួយពង្រឹងសមត្ថភាពសិល្បៈ ផ្លាស់ប្តូរបទពិសោធន៍ និងលើកកម្ពស់គុណភាពផលិតផលវប្បធម៌ ដើម្បីឈានទៅសហការនិងប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ដោយទាញយកអត្ថប្រយោជន៍ពីវិស័យវប្បធម៌នេះ ។
អភិបាលរងខេត្តកំពង់ស្ពឺលោក សុខ សុទ្ធី បានរំពឹងផងដែរថា ព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍និងមហោស្រពសិល្បៈនាពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏មានសារៈសំខាន់ ដែលរួមវិភាគទានដោយផ្ទាល់ដល់ការអភិរក្ស ផ្សព្វផ្សាយ និងលើកស្ទួយតម្លៃនៃបេតិកភណ្ឌវប្បធម៌ជាតិឱ្យកាន់តែរីកចម្រើន ក្នុងក្របខណ្ឌនៃកិច្ចសហការល្អ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន អង្គការមហាជន សហគមន៍និងសប្បុរសជននានាដែលជាដៃគូរអភិវឌ្ឍន៍ក្នុងការប្រមែប្រមូលពូនផ្ដុំការចូលរួម ស្របតាមគោលការណ៍រដ្ឋជាអ្នកគ្រប់គ្រង គាំពារ ដៃគូឯកជនជាអ្នកអនុវត្ត៕
អត្ថបទ៖ ម៉ុន សំអាត