ព្រឹទ្ធសភា បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម លាង សួគ៌ ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម
(ភ្នំពេញ)៖ ព្រឹទ្ធសភា បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម លាង សួគ៌ ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដោយមានសំឡេងគាំទ្រចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ ។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បានបើកសម័យប្រជុំវិសាមញ្ញ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានវត្តមាន សមាជិកព្រឹទ្ធសភា ចំនួន ៥៦រូប ។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយ គឺ ការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប ជំនួសសមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ ។ អង្គប្រជុំព្រឹទ្ធសភា បានអនុម័តយល់ព្រមលើរបៀបវារៈ ដោយទទួលបាន ៥៦សំឡេង ។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានបន្តថា ដោយអនុលោម តាមមាត្រា៤ និងមាត្រា៥ នៃច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងយោងលិខិតលេខ៖ ១៩៨៣ កយ.រប/២៤ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌ បានស្នើសុំឱ្យព្រឹទ្ធសភា រៀបចំការបោះឆ្នោតជ្រើសរើស សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ០១រូប ដែលត្រូវបញ្ចប់អាណត្តិ។
អង្គប្រជុំព្រឹទ្ធសភា បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម លាង សួគ៌ ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដោយមានសំឡេងគាំទ្រចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លិមហួត និង សួង ពិសិដ្ឋ