រដ្ឋលេខាធិការក្រសួងសុខាភិបាល ៖ បញ្ហានៃការធ្វើអត្តឃាតបានក្លាយ ទៅជាការប្រឈមនៃសុខភាពសាធារណៈមួយថ្មីទៀត
(ភ្នំពេញ)៖ ការធ្វើអត្តឃាត គឺជាសោកនាដកម្មផ្ទាល់ខ្លួន ប្រកបដោយលក្ខណៈស្មុគស្មាញ ដែលបុគ្គលម្នាក់ៗ បានបញ្ចប់ជីវិតរបស់ខ្លួនមុនអាយុ និងបានជះឥទ្ធិពលអវិជ្ជមានដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍។ ជារៀងរាល់ថ្ងៃ យើងបានបាត់បង់ធនធានដែលមានសក្តានុពលសម្រាប់សង្គម និងប្រទេសជាតិ ហើយ បានបន្សល់ទុក្ខនូវភាពសោកសៅ និងសំណួរដែលគ្មានចម្លើយ សម្រាប់មនុស្សជាទីស្រឡាញ់របស់ យើង ដោយសារគ្មានកត្តាទោល (Single factor) ណាមួយគ្រប់គ្រាន់ដើម្បីពន្យល់ពីមូលហេតុដែល បុគ្គលម្នាក់ស្លាប់ដោយសារការធ្វើអត្តឃាតនោះទេ។

នេះជាការលើកឡើងរបស់ ឯកឧត្តម ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្តួចផ្តើមកម្មវិធីបង្ការការធ្វើអត្តឃាត នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ព្រមទាំងមានការចូលរួមពីតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត Jaana Marianna Trias ។

យោងតាមចំណាប់អារម្មណ៍របស់ លោកជំទាវវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានបង្ហាញថា បញ្ហានៃការធ្វើអត្តឃាតបានក្លាយ ទៅជាការប្រឈមនៃសុខភាពសាធារណៈមួយថ្មីទៀត ដែលអត្រានៃការធ្វើអត្តឃាត មានកម្រិតមួយ គួរឱ្យព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវខិតខំផ្តួចផ្តើមរិះរកវិធីសាស្ត្រ ដើម្បីបង្ការសោកនាដកម្ម មួយនេះ។ សិក្ខាសាលារបស់យើងនៅពេលនេះ ស្របពេលនៃ ទិវាពិភពលោកបង្ការការធ្វើអត្តឃាត របស់អង្គការសុខភាពពិភពលោក ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី១០ ខែកញ្ញា ដែល ក្នុងឆ្នាំនេះ យើងបានរៀបចំធ្វើឡើង ក្រោមប្រធានបទ «ការផ្លាស់ប្តូរទស្សនៈស្តីពីការធ្វើអត្តឃាត Changing the narrative on suicide» ។

ឯកឧត្តមឱសថការី ឈី ហុង មានប្រសាសន៍ថាការបង្ការការធ្វើអត្តឃាតមិនមែនជាការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ឬអង្គការណាមួយ ដាច់ដោយឡែកឡើយ។ អាស្រ័យហេតុនេះ បានជាក្រសួងសុខាភិបាល រៀបចំសិក្ខាសាលានេះឡើង ដោយបានអញ្ជើញតំណាងក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីពិភាក្សា និងរិះរកវិធីសាស្ត្រនានា ដែលមានប្រសិទ្ធភាព និងមានលក្ខណៈជាឧត្តមវានុវត្តន៍ (Best practice) អាចបង្ការការធ្វើអត្តឃាត នៅប្រទេសកម្ពុជា ជាមួយនឹងស្មារតីទទួលខុសត្រូវចំពោះសុខភាពរបស់ប្រជាជន។

ជាមួយគ្នានោះ ឯកឧត្តមបន្តថា វិធីសាស្ត្របង្ការការធ្វើអត្តឃាតទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា និងធ្វើការជាមួយគ្នា ជាប្រព័ន្ធ ដើម្បីអាចបង្កើតជាសំណាញ់សុវត្ថិភាពដែលមានប្រសិទ្ធភាព។ ដូច្នេះ កិច្ចសហការ និងការ ប្រាស្រ័យទាក់ទងគ្នា គឺជាគន្លឹះក្នុងការកសាងវិធីសាស្ត្រដ៏ទូលំទូលាយ (Comprehensive) និងគ្រប់ ជ្រុងជ្រោយ (Holistic) ក្នុងការបង្ការការធ្វើអត្តឃាត ៕
ដោយ ៖ ហេង សម្បត្តិ

