ចិនបើកដំណើរការរមណីយដ្ឋានជិះស្គីទឹកកកដ៏ធំបំផុតលើពិភពលោក
ប៉េកាំង៖ រមណីយដ្ឋានជិះស្គីទឹកកកដ៏ធំបំផុតនៅលើពិភពលោក បានបើកដំណើរការជាផ្លូវការហើយ ដើម្បីស្វាគមន៍ភ្ញៀវចូលលេងកំសាន្តនៅក្នុងសប្តាហ៍នេះ។
រមណីយដ្ឋានជិះស្គីទឹកកកខ្នាតយក្សរបស់ប្រទេសចិននេះ បង្កើតឡើងជាមួយនឹងការបំពាក់ដោយគ្រឿងបរិក្ខារដ៏ធំ ដែលប្រើប្រាស់ម៉ាស៊ីនព្រិលសិប្បនិម្មិត និងម៉ាស៊ីនត្រជាក់ ហើយវាមានទីតាំងស្ថិតនៅក្នុងទីក្រុងសៀងហៃ។
រមណីយដ្ឋានជិះស្គីទឹកកកនេះ សាងសង់ឡើងនៅលើផ្ទៃដីទំហំ ៩០,០០០ ម៉ែត្រការ៉េ ឬប្រហែលជា ៩ហិកតា។ នៅខាងក្នុងរមណីយដ្ឋាននេះ ក៏មានហាងលក់ទំនិញ និង សណ្ឋាគារ រួមទាំងសួនទឹកដែលមិនទាន់បានបើក និងស្ថិតក្នុងដំណើរការពង្រីករហូតដល់ទំហំ ៣៥០,០០០ម៉ែត្រការ៉េ។
មានទីតាំងស្ថិតនៅក្នុងសង្កាត់ ពូតុង នៃទីក្រុងសៀងហៃ រមណីយដ្ឋានជិះស្គីទឹកកកក្នុងអាគារ L*SNOW ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Guinness World Records ថា ជារមណីយដ្ឋានជិះស្គីទឹកកកដ៏ធំបំផុតរបស់ពិភពលោក។
រមណីយដ្ឋានជិះស្គីទឹកកកខ្នាតយក្សនេះ ដើមឡើយ គ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០១៩ ប៉ុន្តែត្រូវបានពន្យារពេល ហើយរមណីយដ្ឋាននេះដែរ គឺជាផ្នែកមួយនៃការជំរុញការវិនិយោគលើកីឡារដូវរងារដែលគាំទ្រដោយរដ្ឋ បន្ទាប់ពីប្រទេសចិនបានធ្វើជាម្ចាស់រៀបចំកីឡាអូឡាំពិករដូវរងាចុងក្រោយក្នុងឆ្នាំ ២០២២។
យោងតាមក្រុមហ៊ុន Daxue Consulting បានឱ្យដឹងថា ប្រទេសចិនបានបង្កើតរមណីយដ្ឋានក្នុងស្រុកខ្នាតយក្សបែបនេះជាច្រើនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយមានកន្លែងជិះស្គីទឹកកកធំជាងគេចំនួន៥ ក្នុងចំណោម១០ នៅលើពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា