ឯកឧត្តម ហ៊ុន ម៉ានី៖ អស់រយៈពេល១២ឆ្នាំ ក្រុមគ្រួសារស.ស.យ.ក.បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកតម្កើងវប្បធម៌ ប្រវត្តិសាស្ត្រ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា អស់រយៈពេល១២ឆ្នាំកន្លងមកនេះ ក្រុមគ្រួសារស.ស.យ.ក. បានរួមដៃគ្នាសហការនិង សាមគ្គីគ្នាមួយគ្នាបានរៀបចំ និងបង្កើតព្រឹត្តិការណ៍ កម្មវិធី យុទ្ធនាការជាច្រើន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកតម្កើងវប្បធម៌ ប្រវត្តិសាស្ត្រ ការចូលរួមក្នុងការងារសង្គមការងារស័្មគ្រចិត្តនានា ជាពិសេសេការលើកកម្ពស់វិស័យអប់រំ ក្នុងគោលបំណងបណ្តុះ និងអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹង ជំនាញ បំណិនជីវិត និងសីលធម៌ដល់យុវជន ឱ្យក្លាយទៅជាមូលធនមនុស្សដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលយុវជន ក្រោមប្រធានបទ « ជំរុញអានុភាពអនាគតសហគ្រិន-Empowering Tomorrow’s Entrepreneurs ដែលរៀបចំឡើងដោយនាយកដ្ឋាន ហិរញ្ញវត្ថុ ផ្គត់ផ្គង់និងជំរុញសហគ្រិនភាព នៃគណៈកម្មាធិការកណ្ដាលស.ស.យ.ក. នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និងនិស្សិត ដែលមកពីបណ្ដាសាកលវិទ្យល័យប្រមាណ៤០០នាក់ ផងដែរ។
លោកជំទាវ ចម និម្មល បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមអធិបតី និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងកម្មវិធីនាឱកាសនោះ។ ជាមួយគ្នានេះ លោកជំទាវក៏បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងជួយឱ្យយុវជនសម្រេចបាននូវសក្កានុពលដោយពេញទៅដោយវប្បធម៌ចែករំលែក ការកែលម្អ ការតស៊ូ និងការអត់ធ្មត់នៅក្នុងជីវិត និងការងារ ស្របតាមគោលនយោបាយជាតិក្នុងការអភិវឌ្ឍនិងលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនតាមវិស័យសំខាន់ៗក្នុងឱកាសឈានទៅរកភាពជោគជ័យក្នុងអាជីវកម្មលើគ្រប់វិស័យ។
នាឱកាសនៃពិអីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលយុវជន ក្រោមប្រធានបទ « ជំរុញអានុភាពអនាគតសហគ្រិន-Empowering Tomorrow’s Entrepreneurs » នេះឡើង។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងស្របពេលដែលសហភាពសហព័ន្ធយុវជនកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសកម្មនិងទិសដៅការងារឆ្នាំ២០២៤ ស្របតាមយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ២០២៣-២០២៨ ដែលមានយុទ្ធសាស្រ្តទី៤ ផ្តោតលើការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សដើម្បីកសាងកម្ពុជាឲ្យក្លាយជាប្រទេសរីកចម្រើន៕
ដោយ៖ពលជ័យ
រូបភាព៖ស.ស.យ.ក.