វេទិកាផ្សព្វផ្សាយមិត្តអប់រំមិត្ត ស្ដីពីសុខភាព អនាម័យ ការសន្សំប្រាក់ បញ្ហាគ្រឿងញៀន យល់ដឹងពីបណ្តាញសង្គម និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

ខេត្តកំពង់ចាម៖ ក្លឹបយុវជន កាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង បានរៀបចំវេទិកាផ្សព្វផ្សាយមិត្តអប់រំមិត្ត ស្ដីពីសុខភាពអនាម័យ ការសន្សំប្រាក់ បញ្ហាគ្រឿងញៀន យល់ដឹងពីបណ្តាញសង្គមនិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅអនុវិទ្យាល័យ និងបឋមសិក្សារាយប៉ាយ ដែលស្ថិតនៅក្នុងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។

ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ សាកលវិទ្យាល័យ ជាតិគ្រប់គ្រង និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហម សាកលវិទ្យល័យជាតិគ្រប់គ្រង ឱ្យដឹងថា វេទិកាផ្សព្វផ្សាយប្រធានបទទាំង៤នេះ មានគោលបំណងចូលរួម សកម្មភាពលើកកម្ពស់ ស្មារតីកូនល្អ មិត្តល្អ ពលរដ្ឋល្អ នៅក្នុងគ្រួសារ សាលារៀន និងសង្គមជាតិ ដែលជាអនុសាសន៍ណែនាំ របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រសាសន៍ណែនាំថ្មីៗរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាដើម្បីជំរុញសកម្មភាពថ្មីដល់យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាក្នុងការចូលរួមធ្វើសកម្មភាពជាយុវជនគម្រូ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា លើកឡើង អំពីការយកចិត្តទុកដាក់ របស់ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ទៅលើបញ្ហាបរិស្ថាន និងសុខភាព ដែលក្នុងនោះ លោកជំទាវ បានទាញអារម្មណ៍ របស់សិស្ស-និស្សិត និងអាណាព្យាបាល ទាំងអស់ ដែលបានចូលរួម នៅក្នុងកម្មវិធីនេះត្រូវស្វែងយល់អំពីគន្លឹះសំខាន់ៗ ដើម្បីរស់នៅ មានសុខភាពល្អ ដោយត្រូវតែរៀន ផ្លាស់ប្ដូរ ឥរិយាបថអវិជ្ជមានទៅជាឥរិយាបថវិជ្ជមានវិញ ពោលគឺធ្វើយ៉ាងណា ដើម្បីយើង មានសុខភាពល្អ ដោយហូបអាហារ សុខភាព ត្រូវនាំគ្នាហាត់ប្រាណ បញ្ចេញពលកម្ម កាត់បន្ថយការបរិភោគ គ្រឿងកំប៉ុង, អាហារដែលវិចខ្ចប់ ឬអាហារចៀន អាហារ បំពងអាហារដែលមានខ្លាញ់ច្រើនស្ករច្រើនជាដើម។ពិសេសជាងនេះទៅទៀតសូមឱ្យបងប្អូននិងក្មួយៗទាំងអស់ទទួលទានទឹកឲ្យបានគ្រប់គ្រាន់ត្រូវស្ថិតនៅកន្លែងមានខ្យល់ចេញចូល ចៀសឲ្យឆ្ងាយពីការដុតសំរាមផ្សែងពុល ហើយនាំគ្នាដាំដើមឈើ ឱ្យបានច្រើន ដើម្បីលើកកំពស់បរិស្ថានបៃតង ព្រមទាំងកាត់បន្ថយការប្រើថង់ប្លាស្ទិក ។ ការធ្វើបែបនេះ យើងនឹងអាចរស់នៅ ក្នុងសហគមន៍ ដែលមានសុខភាពល្អហើយអាចទប់ទល់បានទៅ នឹងការប្រែប្រួល អាកាសធាតុ នៅលើភពផែនដី ហើយសកម្មភាពទាំងអស់នេះ អាចទទួលបាន ជោគជ័យគឺត្រូវតែមានការចូលរួម អនុវត្ត ចាប់ពីបុគ្គលម្នាក់ គ្រួសារ និងសហគមន៍ទាំងមូលទើបទទួលបាន ប្រសិទ្ធិភាពនិងប្រសិទ្ធិផល ។

ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ ដឹកនាំ លោកគ្រូ អ្នកគ្រូ និងក្មួយៗយុវជន កាកបាទក្រហមកមក្ពុជា នៃសាកលវិទ្យាល័យជាតិ គ្រប់គ្រង ដែលបានបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងផ្តល់ ចំណេះដឹងនិងបំណិតជីវិត សំរាប់អាណាព្យាបាល និងសិស្សានុសិស្ស នៃអនុវិទ្យាល័យ និង បឋមសិក្សារាយប៉ាយ បានយល់ដឹងពីសារប្រយោជន៍ នៃប្រធានបទវេទិកានេះ ។

ឯកឧត្តមបណ្ឌិតសភាចារ្យសង្ឃឹមថា លោក លោកស្រីជាអាណាព្យាបាល និងក្មួយៗសិស្សនុសិស្សទាំងអស់ នឹងយកចំណេះដឹងទទួលបានពីបទបង្ហាញទាំង ៤ក្នុងវេទិកានេះបន្តផ្សព្វផ្សាយបញ្ជ្រាប ដល់សាធារណជនទូទៅ ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលនិង កាកបាទក្រហមកម្ពុជា ជំរុញឱ្យសង្គមជាតិយើង បរិបូរទៅដោយ ធនធានមនុស្សមានសុខភាពល្អ សេដ្ឋកិច្ចគ្រួសារធូរធារ មានការយល់ដឹងខ្ពស់ពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេសចេះស្វែងយល់និងវិនិច្ឆ័យ បានត្រឹមត្រូវ ពីព័ត៌មានពិត និងព័ត៌ មានក្លែងក្លាយ ដើម្បីរួមចំណែក ធ្វើឱ្យសង្គមជាតិ យើង មានសណ្ដាប់ធ្នាប់ និង ឈានឆ្ពោះទៅរក ការអភិវឌ្ឍន៍ រីកចំរើនខ្លាំងក្លា នាពេល អនាគត។

ទន្ទឹមនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ក៍បានក្រើនរំឮកចំពោះសិស្សានុសិស្សទាំង អនុវិទ្យាល័យ និង បឋមសិក្សា រាយប៉ាយ ត្រូវយកចិត្តទុកដាក់ សិក្សារៀនសូត្រ ដើម្បី អនាគតរបស់ខ្លួន ក្រុមគ្រសារ និងសង្គមជាតិ ទាំងមូល ព្រោះថាគ្មានអ្វីក្រៅពី ចំណេះវិជ្ជាទេ ដែលអាចកែប្រែ ជីវិតយើងបាន ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner