ទុនបំរុងមាសរបស់រុស្ស៊ីកើនឡើងជិតដល់កម្រិតប្រវត្តិសាស្ត្រ
មូស្គូ៖ ធនាគារកណ្តាលរបស់រុស្ស៊ីបានឱ្យដឹងថា ដុំមាសនៅក្នុងទុនបម្រុងអន្តរជាតិរបស់ប្រទេសរុស្ស៊ី ឥឡូវនេះ មានលើសពី ៣០ភាគរយជាលើកដំបូងក្នុងរយៈពេលជិតមួយសតវត្ស។
យោងតាមធនាគារកណ្តាលរបស់រុស្ស៊ីបានបង្ហាញថា ការកាន់កាប់មាសរបស់រុស្ស៊ីបានកើនឡើងដល់កម្រិតខ្ពស់ថ្មីចំនួន ១៨៨.៨ពាន់លានដុល្លារ ហើយដុំមាសនៅក្នុងទុនបម្រុងអន្តរជាតិរបស់ប្រទេសរុស្ស៊ី ឥឡូវនេះមានលើសពី ៣០ភាគរយជាលើកដំបូងក្នុងរយៈពេលជិតមួយសតវត្ស។
ធនាគារកណ្តាលរុស្ស៊ីបានរាយការណ៍កាលពីសប្តាហ៍មុនថា តម្លៃនៃរូបិយប័ណ្ណបម្រុងអន្តរជាតិបានកើនឡើងជាង ៩ពាន់លានដុល្លារ ឬ ៥.១ភាគរយ ចាប់តាំងពីដើមខែសីហាមក។ រីឯតម្លៃមាសវិញ បានកើនឡើង ៣.៦ភាគរយនៅក្នុងខែសីហាឆ្នាំនេះ ដល់ ២,៥១៣ដុល្លារ។
ធនាគារកណ្តាលរុស្ស៊ីបានឱ្យដឹងទៀតថា ទុនបំរុងអន្តរជាតិរបស់ប្រទេសរុស្ស៊ីបានបន្តកើនឡើង ដោយឈានដល់ ៦១៣.៧ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១ ខែកញ្ញានេះ កើនឡើងជាង ១១ពាន់លានដុល្លារ បើធៀបនឹងខែសីហា។
ទេសាភិបាលធនាគារកណ្តាលរុស្ស៊ី លោកស្រី Elvira Nabiullina បាននិយាយថា ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសរុស្ស៊ីនឹងមិនរងផលប៉ះពាល់ទេ ប្រសិនបើលោកខាងលិចរឹបអូសទ្រព្យសម្បត្តិដែលជាប់គាំងរបស់ខ្លួន។
ទីក្រុងមូស្គូបានបរិហារការបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ីថា ជាអំពើខុសច្បាប់ ដោយនិយាយថា វាបាន “បំផ្លាញភាពជឿជាក់” ទៅលើប្រទេសលោកខាងលិច។ ជាងនេះទៅទៀត វិមានក្រឹមឡាំងក៏បានព្រមានអំពីការសងសឹក ប្រសិនបើមូលនិធិទាំងនេះត្រូវបានរឹបអូសផងដែរ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា