ក្រសួងការងារ និង ក្រុមហ៊ុន RMA ចុះអនុស្សរណៈដើម្បីពង្រឹងការបណ្តុះបណ្តាល​ធនធានមនុស្សលើវិស័យយានយន្តនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀល​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានចុះអនុស្សរណៈជាមួយ លោក ងន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិម អេ (RMA) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈកម្មវិធីហ្វឹកហ្វឺន​កូនជាងលើការ​បណ្តុះបណ្តាលតាមបច្ចេកវិទ្យាចុងក្រោយ និងសេវាការងារសាធារណៈ” ដែលកម្មវិធីនេះ​ប្រារព្ធនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថាអនុស្សរណៈនេះនឹងធ្វើឱ្យធនធាន​មនុស្សកម្ពុជា​កាន់តែមានសមត្ថភាពខ្ពស់តាមរយៈការបណ្តុះបណ្តាលបច្ចេកវិទ្យាចុងក្រោយ និងសេវា​សាធារណៈតាមរយៈការបណ្តុះបណ្តាលកូនជាង ដែលRMA នឹងទទួលយក​សិស្ស​និស្សិត​ដែលកំពុងសិក្សា និងបញ្ចប់ការសិក្សាលើជំនាញដែលពាក់ព័ន្ធផ្សេងៗ។

ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា ក្រុមហ៊ុន RMA ក៏នឹងមានឱកាសក្នុងការសហការជា​មួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសដើម្បីរៀបចំកម្មវិធីសិក្សាឱ្យសមស្របទៅនឹងតម្រូវការជំនាញរបស់ក្រុមហ៊ុន ហើយក៏ជាការចូលរួមចំណែកបណ្តុះបណ្តាល និងបំពេញកង្វះខាតធនធានមនុស្សផងដែរ។

លោក ងន សាំង បានលើកឡើងពីគោលការណ៍ថ្មីដែលនឹងអនុវត្ត ដោយការផ្តល់ឱកាស​ដល់បុគ្គលិកឱ្យទទួលបាននូវការបណ្តុះបណ្តាលជំនាញក្រៅម៉ោង ដែលអាចជួយទាំង​ក្រុម​ហ៊ុនឱ្យមានអ្នកបំពេញការងារ និងជួយដល់សិក្ខាកាមទទួលបានប្រាក់កម្រៃ​ផងដែរ ។ ជាមួយគ្នានេះ លោកក៏បានប្តេជ្ញាចិត្តក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស​នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ និងក្រុមហ៊ុន RMA បានផ្តល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្ស និស្សិត ដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តនៅតាមបណ្តាសហគ្រាស គ្រឹះស្ថានដៃគូ ជា​មួយ​នឹងឱកាសការងារតាមរយៈការជ្រើសរើសក្នុងចំណោមអ្នកហាត់ការ ឬកម្មសិក្សា​ដែល​ស្គាល់ និងយល់ដឹងអំពីកន្លែងការងារស្រាប់ឱ្យក្លាយជាបុគ្គលិក​របស់​សហគ្រាស​គ្រឹះស្ថានដៃគូ ហើយកិច្ចសហការនេះ ក៏នឹងចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ និងការពង្រឹងធនធានមនុស្សនៅកម្ពុជាស្របតាមតម្រូវការទីផ្សារការងារ។

មួយវិញទៀតអនុស្សរណៈនេះ​ នឹងធ្វើឱ្យសិក្ខាកាមដែលកំពុងសិក្សានៅតាមបណ្តា​គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសដែលស្ថិតក្រោមឱវាទរបស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង​ហានិភ័យ អាចពង្រឹងសមត្ថភាពសិក្ខាកាមឱ្យកាន់តែប្រសើរ និងផលិតភាពខ្ពស់​បន្ថែមតាមរយៈការផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តផ្ទាល់ជាមួយគ្រឿងយន្ត និងបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន RMA ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner