Kim ៖ កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរមានទំនួលខុសត្រូវ

ព្យុងយ៉ាង៖ ផ្អែកតាមការចេញផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃអង្គារនេះ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា ទីក្រុងព្យុងយ៉ាង គឺជារដ្ឋនុយក្លេអ៊ែរ ប្រកបដោយការទទួលខុសត្រូវ ប៉ុន្តែ អះអាងថា កូរ៉េខាងជើងនឹងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ។

អំឡុងការថ្លែងសុន្ទរកថា ក្នុងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី ៧៥នៃការបង្កើតកូរ៉េខាងជើង លោក Kim បាននិយាយថា
ទីក្រុងព្យុងយ៉ាងគឺជា «រដ្ឋអាវុធនុយក្លេអ៊ែរ ដែលមានការទទួលខុសត្រូវ»។ លោកបន្ថែមថា «អាវុធនុយក្លេអ៊ែររបស់យើងសម្រាប់ការពារខ្លួន យើងមិនបង្កការគំរាមកំហែង ដល់នរណាម្នាក់ឡើយ»។

លោកបន្តថា ទោះបីជាមានការគំរាមកំហែងពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត កម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើង និងសមត្ថភាពក្នុងការដាក់ពង្រាយ នឹងមានភាពល្អឥតខ្ចោះ ជាងពេលបច្ចុប្បន្ន។

សុន្ទរកថារបស់លោក Kim បានធ្វើឡើង ក្នុងពេលដែលទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ស្ថិតក្នុងចំណុចទាបបំផុត នារយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយក្នុងនោះ ថ្មីៗនេះ កូរ៉េខាងជើង បានប្រកាសពីការដាក់ពង្រាយកាំជ្រួចមីស៊ីលផ្លោង ចំនួន២៥០គ្រាប់ ទៅកាន់ព្រំដែន ភាគខាងត្បូង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner