ស៊ុយអែតសន្យាផ្តល់ជំនួយយោធាថ្មី៤៤០លានដុល្លារដល់អ៊ុយក្រែន
បរទេស៖ រដ្ឋាភិបាលនៃប្រទេសស៊ុយអែត កាលពីថ្ងៃចន្ទ បានប្រកាសថា ខ្លួនសន្យាផ្តល់ជំនួយយោធាចំនួន ៤៤៣លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន រួមទាំង ប្រព័ន្ធការពារដែនអាកាសផងដែរ ប៉ុន្តែមិនទាន់មានគម្រោងបញ្ជូនយន្តហោះចម្បាំង នោះទេ។
កញ្ចប់ថវិកាថ្មីនេះ គឺជាកញ្ចប់ជំនួយទី១៧ របស់ប្រទេសនៅអឺរ៉ុបខាងជើងមួយនេះ ជួយដល់អ៊ុយក្រែន ជាហេតុនាំឲ្យជំនួយយោធាសរុបរបស់ស៊ុយអែត សម្រាប់អ៊ុយក្រែន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី ឆ្នាំ២០២២មក បានកើនដល់ជាង ៤.៦ពាន់លានដុល្លារអាមេរិកហើយ។
រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson បានប្រាប់ថា អ៊ុយក្រែនគឺជាខែលប្រឆាំងនឹងការពង្រីកយោធារបស់ប្រទេសរុស្ស៊ី ជាហេតុនាំឲ្យស៊ុយអែតត្រូវតែវិនិយោគផ្នែកសន្តិសុខ ជួយដល់អ៊ុយក្រែន ហើយតែងតែ មានក្នុងផ្នត់គំនិត របស់ស៊ុយអែត។
លោករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ មិនមានគម្រោងបញ្ជូនយន្តហោះចម្បាំងនោះទេ ប៉ុន្តែមិនមែនមានន័យថា គ្មានលទ្ធភាព រហូតនោះទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត