រូបសំណាកគ្រួសារដំរីនៅរមណីយដ្ឋានបឹងកន្សែង ជានិមិត្តរូបនៃការស្វាគមន៍ទេសចរជិតឆ្ងាយ
រតនគិរី៖ដោយចាប់ផ្តើមពីការទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយ រដ្ឋបាលខេត្តរតនគិរីបានសាងសង់រូបសំណាកគ្រួសារសត្វដំរីដ៏ធំប៉ុន
ដំរំពិតប្រាកដដែលមាន ដំរីឈ្មោលមួយក្បាល ដំរីញីមួយក្បាល និងកូនរបស់វាមួយក្បាល តម្កល់បង្ហាញនៅទីតាំងខាងត្បូងមាត់បឹងកន្សែង ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។
ការរៀបចំលើករូបសំណាកគ្រួសារសត្វដំរីនេះបានកំណត់យកម៉ោង៩និង៩នាទីព្រឹកថ្ងៃទី៩ ខែឆ្នាំ២០២៤ក្រោមវត្តមានឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងមន្រ្តីជាថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធជាច្រើន។
និយាយដល់តំបន់អេកូទេសចរណ៍នៃខេត្តភាគឦសាន រមណីយដ្ឋានបឹងកន្សែង ស្ថិតនៅក្រុងបាលុងដែលជាបេះដូងនៃខេត្តរតនគិរី។ បឹងកន្សែងពោរពេញដោយបរិស្ថានស្អាត បរិយាកាសល្អ និងមានសោភណភាពស្រស់បំព្រងគ្រប់រដូវកាល។ទិដ្ឋភាពបែបនេះ បន្ទាប់ពីឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបានដាក់ចេញគម្រោងរៀបចំកែលម្អជុំវិញបរិវេណរមណីយដ្ឋានបឹងធម្មជាតិមួយនេះ ដោយកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញមាត់បឹង ការរៀបចំសួនច្បារ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ ។ពិសេសនាពេលនេះបានបន្ថែមរូបសំណាកគ្រួសារដំរី ,រូបសំណាកសត្វអកញីឈ្មោល ដែលជាសត្វបក្សីរំលេចក្នុងបទចម្រៀងដ៏លន្លង់លន្លោច , ការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ ឧបករណ៍សម្រាប់កុមារកុមារី និងការរៀបចំឱ្យមានបន្ទប់អនាម័យសាធារណៈជាដើម។
សកម្មភាពកាលពីថ្ងៃទី៩ ខែកញ្ញា កន្លងទៅក៏ជាផ្នែកនៃបង្ហាញការអភិវឌ្ឍនៅខេត្តភាគឦសានប្រទេស ការទទួលស្វាគមន៍ភ្ញៀវជិតឆ្ងាយ ក្នុង និងក្រៅប្រទេសដែលធ្វើដំណើរមកលំហែនៅខេត្តរតនគិរីដែលសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិ។ពិសេសគឺបើករង្វង់ដៃទទួលភ្ញៀវដែលធ្វើដំណើរទស្សនកិច្ចរាល់ចុងសប្ដាហ៍ដោយមិនចំណាយប្រាក់ដែលបានចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា និងបន្តរហូតដល់ដំណាច់ឆ្នាំ២០២៤នេះ ៕
ដោយ៖ គតិ យុត្ត