ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង ចាត់ទុកប្រទេសទាំងពីរ ជាដន្លងនឹងគ្នា និងឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តការលើគ្រប់វិស័យ
(ភ្នំពេញ)៖ ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានចាត់ទុកប្រទេសទាំងពីរ ជាដន្លងនឹងគ្នា និងឯកភាពគ្នាពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ។ ការឯកភាពគ្នារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ បានកើតឡើងនៅក្នុងជំនួបពិភាក្សាការងារ នៅវិមានរដ្ឋសភាសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» នៅសាធារណៈរដ្ឋកូរ៉េ ។
នៅក្នុងជំនួបនេះ ឯកឧត្តម អ៊ូ វ៉ន់ស៊ីក បានសម្ដែងការពេញចិត្ត និងរីករាយចំពោះការកើនឡើងនូវទំនាក់ទំនងក្នុងវិស័យ ពាណិជ្ជកម្ម និងវិនិយោគ ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាង សាធារណរដ្ឋកូរ៉េ និងកម្ពុជា មានការកើន ឡើងយ៉ាងខ្លាំង។ ការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកន្លងមកនេះ បានបង្កលក្ខណៈកាន់តែ ងាយស្រួល សម្រាប់ក្រុមហ៊ុនកូរ៉េប្រមាណជាង២០០ បានទៅចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជា កន្លងមក។
ឯកឧត្តម ប្រធានរដ្ឋសភាកូរ៉េ ក៏បានស្នើសុំសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងសម្រួលដល់ ការវិនិយោគរបស់ប្រទេសកូរ៉េផងដែរ ដើម្បីអាចមានលទ្ធភាព និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការ បង្កើនការវិនិយោគនៅកម្ពុជាថែមទៀត។ ការឯកភាពគ្នាបង្កើត តំបន់សេដ្ឋកិច្ចពិសេស សម្រាប់ ក្រុមហ៊ុនកូរ៉េ ដែលបានព្រមព្រៀង ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេល កន្លងមកនេះ ខាងភាគីកូរ៉េនឹងពិចារណារៀបចំដើម្បីបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសនេះ។
ជាមួយគ្នានេះ កូរ៉េនឹងបន្តដើរតួនាទីសំខាន់ ក្នុងការផ្តល់នូវគម្រោងអូឌីអេ ដើម្បីគាំទ្រដល់ការរីកចម្រើន និងការរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែល្អប្រសើរថែមទៀត។ ទន្ទឹមគ្នានេះអង្គការកយការររបស់កូរ៉េ ក៏បានការចូលរួមចំណែកក្នុងការដោះមីន និងគម្រោងជាច្រើនទៀត នៅពេលបច្ចុប្បន្នក៏ដូចជានៅពេល អនាគត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះប្រធានរដ្ឋសភា កូរ៉េ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចជាលើកដំបូងក្នុង ឋានៈ ជា អង្គការនីតិបញ្ញត្តិ។ សម្តេចតេជោ ក៏បានអបអរសាទរ ឯកឧត្តម អ៊ូ វ៉ន់ស៊ីក ដែលត្រូវបានតែងតាំងជា ប្រធានសភាកន្លងមកនេះ។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះប្រធានរដ្ឋសភាកូរ៉េ ដែលបានលើកទឹក ចិត្តឲ្យមានការរីកចម្រើនបន្ថែមទៀតរវាងប្រទេសទាំងពីរ។
ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណសាធារណរដ្ឋកូរ៉េ ដែលបានរួម ចំណែក និងជួយដល់ការអភិវឌ្ឍរបស់កម្ពុជា មានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ សម្តេចតេជោ ក៏មិនភ្លេចឱកាសក្នុងការសម្ដែងការដឹងគុណ ចំពោះសាធារណរដ្ឋកូរ៉េ ដែលពុំបានបិទច្រកចេញចូល ចំពោះកម្ពុជា នៅពេលដែលមានជំងឺរាតត្បាតកូវីដ១៩ ដោយនៅតែមានការហោះហើរធម្មតា ហើយដែល ជាច្រកចេញសម្រាប់ប្រជាជនកម្ពុជា និងជនបរទេសចេញចូលទៅក្នុងប្រទេសកម្ពុជា។
សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េផងដែរ ដែលបាន ផ្តល់ភាពអនុគ្រោះ និងសម្រួលដល់ពលករកម្ពុជា សម្រួលលក្ខខណ្ឌការងារ ដែលធ្វើឲ្យគេស្នាក់នៅបំពេញការងារ ហើយ ពេលត្រឡប់ទៅកម្ពុជាវិញ បាននាំយកទៅជាមួយនូវបច្ចេកទេសទំនើបទៅបង្កើតការងារនៅកម្ពុជា រួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ប្រទេសទាំងពីរសាធាណរដ្ឋកូរ៉េ និងកម្ពុជា ជាប្រទេស ដន្លងនឹងគ្នាដោយប្រជាជនកម្ពុជា ជាពិសេស គឺស្ត្រីកម្ពុជា បានរៀបការជាមួយជនជាតិកូរ៉េច្រើនប្រមាណ ជា៨,០០០នាក់ ជីវិតកូនចៅរហូតដល់ទៅប្រមាណជា៧៥,០០០នាក់។
សម្ដេចសំណូមពរឲ្យរដ្ឋាភិបាល កូរ៉េ ផ្តល់ឱកាសឲ្យកូនចៅពលរដ្ឋទាំងអស់នោះ បានរៀនភាសាខ្មែរ និងភាសាកូរ៉េផងដែរ ដើម្បីមាន លទ្ធភាពក្នុងការធ្វើទំនាក់ទំនង ទៅវិញទៅមក ក៏ដូចជារួមចំណែកក្នុងការជួយដល់សេដ្ឋកិច្ចរបស់ប្រទេស កូរ៉េផងដែរ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអញ្ជើញឯកឧត្តម អ៊ូ វ៉ន់ស៊ីក បំពេញទស្សនកិច្ចនៅ កម្ពុជា តាមពេលវេលាសមស្របនៅពេលខាងមុខ។ ជំនួបសម្តែង ការគួរសម និងពិភាក្សាការងាររវាង សម្ដេចតេជោប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងរាក់ទាក់បំផុត៕