ប្រកាសចូលកាន់តំណែងអភិបាលស្រុកបាធាយថ្មី
កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤បានអញ្ជើញចូលរួមក្នុងពិធីប្រកាសអភិបាលស្រុកបាធាយថ្មី ដែលទើបតែផ្លាស់ប្ដូរមកពីអភិបាលស្រុកជើងព្រៃ។លោក អូត ឈាងលី ត្រូវបានតែងតាំងជាអភិបាលស្រុកបាធាយ ជំនួសលោក ផេន សុផល ដែលត្រូវទទួលតំណែងជាអភិបាលរងខេត្តកំពង់ចាម ។
ក្នុងពិធីដែលមានវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមអញ្ជើញចូលរួមផងនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការផ្លាស់ប្ដូរ និងការតែងតាំងមុខតំណែងថ្មីនេះ គឺជាភាពចាំបាច់មួយ ហើយក៏ជាការបន្តនិរន្តរភាពរដ្ឋបាល ស្របទៅតាមច្បាប់ របស់ក្រុមប្រឹក្សាស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ពោលគឺមិនមែនដោយសារបញ្ហាអ្វីមួយដែលត្រូវផ្លាស់ប្ដូរនោះទេ។
ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល ដោយផ្អែកទៅតាមច្បាប់គ្រប់គ្រងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានកំណត់សម្រាប់គណៈអភិបាលដែលម្នាក់ៗត្រូវមានអាណត្តិ៤ឆ្នាំ ប៉ុន្តែបើផ្អែកលើការបំពេញភារកិច្ចបានល្អ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អាចនឹងបន្តអាណត្តិទី២ ឱ្យគាត់ជាបន្តទៀត ។ដោយផ្តើមចេញពីច្បាប់នេះហើយ ដែលយើងបានឃើញថាមន្ត្រីរបស់យើង ពិសេសនៅក្នុងគណៈអភិបាល ត្រូវតែធ្វើការផ្លាស់ប្ដូរជាបន្តបន្ទាប់ ប៉ុន្តែបើត្រូវនៅបន្តអាណត្តិទៀតនោះ ក៏ត្រូវមានការប្រកាសតែងតាំងឱ្យកាន់អាណត្តិទី២ របស់ខ្លួន៤ឆ្នាំបន្តទៀត ។ទាំងនេះដែលជាច្បាប់យើងមិនអាចធ្វើផ្ទុយបានឡើយ។
ក្នុងឱកាសដដែលនេះឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើនូវកិច្ចការសំខាន់ៗដែលអភិបាលថ្មីអនុវត្តបន្ត៕
ដោយ៖លី ពៅ