រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យស្ថានភាពផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ នៃខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទឯកឧត្តម ឆាយ ឫទ្ធិសែន ដោយមានការចូលរួមពី លោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង គណៈប្រតិភូក្រសួង មន្ទីរ និងអង្គភាពពាក់ព័ន្ធ បានចុះទៅកាន់ស្រុកចំនួន៤ របស់ខេត្តស្ទឹងត្រែង ក្នុងនោះ មាន ស្រុកបុរីអូរស្វាយសែនជ័យ ស្រុកសៀមប៉ាង និងស្រុកថាឡាបរិវ៉ាត់ ដែលជាស្រុកនៅជាប់ព្រំដែនប្រទេសឡាវ និងស្រុកសៀមបូក ដើម្បីពិនិត្យពីស្ថានភាពផ្លូវដែលបានស្ថាបនារួចរាល់នាពេលកន្លងមក។
នៅក្នុងដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ឡាវ ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពិនិត្យពីស្ថានភាពផ្លូវនៅតាមខ្សែក្រវាត់ព្រំដែន ក្រាលល្បាយក្រួស មានប្រវែង ១៧៩,២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុចដុងក្រឡ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ អូសបន្លាយឆ្ពោះទៅបង្គោលព្រំដែនលេខ ០៧៨ ត្រង់ចំណុច ភូមិញាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង។
ផ្លូវអភិវឌ្ឍន៍ជនបទដែលបានស្ថាបនារួចរាល់ ចំនួន២ខ្សែ គឺផ្លូវខ្សែទី១ ខាងលើ មានសំណង់សិល្បការ្យមួយចំនួន បន្ថែមទៀត ដូចជា លូ, ស្ពានបេតុង ១០កន្លែង និងទំនប់ស្ទាក់ទឹក ១០កន្លែង និងផ្លូវខ្សែទី២ ចាប់ពីចំនុចដុងក្រឡ ស្ថិតនៅក្នុង ស្រុកបុរីអូរស្វាយសែនជ័យ បន្តឆ្ពោះទៅកាន់ ស្រុកសៀមប៉ាង មានចំងាយ ៤៥គីឡូម៉ែត្រ ដែលជាផ្លូវក្រាលក្រួសក្រហម មានសំណង់សិល្បការ្យជាច្រើនទៀត ផងដែរ។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទឯកឧត្តម ឆាយ ឫទ្ធិសែន រួមជាមួយ គណៈប្រតិភូថ្នាក់ជាតិ ថ្នាក់ខេត្ត បានចុះពិនិត្យបង្គោលព្រំដែនលេខ០៧៨ ,លេខ០៣៦ និងលេខ០៣៤ និងបានចុះសួរសុខទុក្ខកងទ័ព និងកងនគរបាលវរៈការពារព្រំដែនលេខ៧០១ ចំណុះស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ថែមទៀត។ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវស្រង់ទិន្នន័យខ្នងផ្ទះ ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការជួយផ្តល់សម្ភារៈ សម្រាប់សាងសង់បង្គន់អនាម័យ ជូនកម្លាំងប្រដាប់អាវុធព្រំដែន។
ក្រោយពីពិនិត្យស្ថានភាពផ្លូវ នៅតាមបណ្តោយព្រំដែន ពិនិត្យបង្គោលព្រំដែន និងជួបសួសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នោះមកឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យផ្លូវជនបទ ៥ខ្សែទៀត នៅក្នុងស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក ៕
ដោយ៖ឡុង សំបូរ