កំណើនប្រជាពលរដ្ឋទៅទស្សនាតំបន់ត្រីកោណអភិវឌ្ឍន៍មានចំនួនកាន់តែច្រើន

កំពង់ធំ ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹក​រងកំពង់ធំ មានប្រសាសន៍ថា ចំនួនប្រជាពលរដ្ឋ​យ៉ាង​ច្រើនកុះករ​បន្ទាប់ពីបានធ្វើទស្សនកិច្ចស្វែងយល់អំពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV.DTA) បានយល់ជ្រាបច្បាស់ និងបានប្រកាស​គាំទ្រនិងជឿជាក់​លើរាជរដ្ឋាភិបាល ដែលបានដឹកនាំដោយ សម្តេចមហាបឋរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ប្រសាសន៍នេះបានលើកឡើងនៅក្នុងកិច្ចប្រជុំពង្រឹកតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ដែលបានធ្វើឡើងនៅ ទីបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តមបន្តថា កំណើនប្រជាពលរដ្ឋទៅទស្សនកិច្ចតំបន់ត្រីកោណ​អភិវឌ្ឍន៍ ដែលមានព្រំដែនជាប់ព្រំដែនកម្ពុជា វៀតណាម និងស ឡាវ ដោយមានការឧបត្ថម្ភការហូបចុក និងស្នាក់នៅពីរាជរដ្ឋាភិបាលកម្ពុជា​តាមរយៈ​ជំនួយឧបត្ថម្ភពីសប្បុរសជននានា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹក ដល់នាយទាហាន​នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបំពេញភារកិច្ច ស្របតាមច្បាប់លក្ខន្តិកៈ គោរពវិន័យ សេចក្តីថ្លៃថ្នូររបស់កងយោធ​ពលខេមរភូមិន្ទ ។ដាច់ខាតការពារបូរណភាពទឹកដីការពារ​ឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ៕

ដោយ៖ ប៊ុន រដ្ឋា

ads banner