ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា លក្ខណៈពិសេសមួយរបស់ក្រសួងមុខងារសាធារណៈគឺ សុខដុមនីយកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ

មានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងនូវអនុសាសន៍គន្លឹះជាច្រើនជូនដល់សិក្ខាកាមសម្រាប់ជាពុទ្ធិ និងការតម្រង់ទិសក្នុងឧត្តមភាពជាមន្ត្រីរាជការ។ ក្រៅពីរំលេចពីសមិទ្ធផលដែលក្រសួងមុខងារសាធារណៈសម្រេចបាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងចំណុចពិសេសរបស់ក្រសួងមុខងារសាធារណៈចំនួន ៣ចំណុចរួមមាន៖ ទី១. សុខដុមនីយកម្ម នៃថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ទី២.ទឹកចិត្ត ឆន្ទះនៃការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ ទី៣.ការសំឡឹងមើលថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាឱកាសជាជាងបញ្ហា ឬការប្រឈម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកពីចំណុចខាងលើកដោយបានបន្ថែមថា “ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មិនបានបែងចែកជំនាន់ ឬអ្នកចូលមុនចូលក្រោយនោះទេ ពោលគឺរួមចិត្ត រួមស្មារតីតែមួយនៅក្នុងក្រសួងមុខងារសាធារណៈ ឆ្ពោះទៅមុខ ហើយអនុវត្តបេសកកម្មក្នុងស្មារតីតែមួយ បំពេញការងាររួមគ្នា ប្រកបដោយជវភាពនៃតួអង្គតែមួយ និងមានការគោរពគ្នាទៅវិញទៅមក។ ទន្ទឹមនេះ ឯកឧត្តមបានបន្តថា “ទឹកចិត្ត ឆន្ទៈនៃការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ បានបំពេញកិច្ចការងារស្នូល និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដោយពុំមានរើសមន្ត្រីថ្មីនោះទេ គឺប្រើប្រាស់ធនធានដែលមានស្រាប់ ដោយបានរែកពន់នូវការងារជាច្រើនដែលក្រសួងមុខងារសាធារណៈ កំពុងធ្វើប្រកបដោយភាពទទួលខុសត្រូវ ឆន្ទៈ មនសិការ និងវិជ្ជាជីវៈក្នុងការបំពេញការងារ។ បន្ថែមលើនេះ ឯកឧត្តម បានណែនាំបន្ថែមថាការកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាចំណុចអវិជ្ជមាន ឬជាបញ្ហាប្រឈមនោះទេ តែយើងទាំងអស់គ្នា មើលថាការកែទម្រង់រដ្ឋបាលសាធារណៈ ជាឱកាសចូលរួមយ៉ាងស្វាហាប់ ក្នុងភាពទទួលខុសត្រូវ ដើម្បីចូលរួមការកសាង និងប្រែក្លាយរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងមុខងារសាធារណៈ

ads banner