កសិករដែលដាំដុះពូជស្រូវរបស់ខ្មែរនឹងទទួលបានតម្លៃខ្ពស់ និងមានទីផ្សារល្អជាងការដាំដុះពូជស្រូវនាំចូលមកពីបរទេស
(ភ្នំពេញ)៖ មន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ចាប្រមាញ់ និងនេសាទបានថ្លែងដោយលើកទឹកចិត្តឱ្យប្រជាកសិករត្រូវដាំដុះស្រូវពូជខ្មែរពីព្រោះក្រៅពីមានតម្លៃខ្ពស់សមរម្យហើយនៅងាយរកទីផ្សារ ជាងការជ្រើសរើសពូជស្រូវនាំចូលមកពីបរទេសដែលឈ្មួញប្រទេសជិតខាងឱ្យតម្លៃទៅលើបបូរមាត់របស់គេប៉ុណ្ណោះ ។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤នេះ លោកជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវលើទីផ្សារនេះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានលើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករងាកមកដាំដុះពូជស្រូវខ្មែរយើងគឺពូជស្រូវសែនក្រអូប០១ ពូជស្រូវផ្ការំដួល មានទីផ្សារ ដោយក្នុងនេះមានរោងម៉ាស៊ីកិនស្រូវមួយចំនួនធំហើយដែលបានព្រមព្រៀងទិញស្រូវ ពីប្រជាកសិករ ពូជសែនក្រអូប០១ ពូជផ្ការំដួល និងពូជស្រូវខ្មែរដទៃទៀតក្នុងតម្លៃមួយខ្ពស់ជាងពូជដែលនាំចូលមកពីបរទេស។
លោកជំទាវ អ៊ឹម រចនាបានបញ្ជាក់ប្រាប់ដែរថា”ពូជស្រូវសែនក្រអូប០១ ត្រូវបានបញ្ចេញផ្សព្វផ្សាយឱ្យដាំដុះជាច្រើនឆ្នាំមកហើយ និងទទួលបានការគាំទ្រ ហើយនិងដាំដុះច្រើនពីកសិករយើង ប៉ុន្តែក្នុងមួយរយៈ ចុងក្រោយនេះប្រជាកសិករនាំគ្នាងាកទៅដាំដុះពូជស្រូវនាំចូលមកពីបរទេស ដែលនាំឱ្យជួបបញ្ហាហានិភ័យមួយនៅពេលប្រមូលផលម្តងៗព្រោះពូជស្រូវនាំចូលមកពីបរទេសនេះឯងដែលមានបញ្ហាតម្លៃនៃការលក់ចេញ។ដោយក្នុងនេះនៅពេលប្រមូលផលម្តងៗគឺស្ថិតនៅលើបបូរមាត់ឈ្មួញពោលគឺឈ្មួញមកពីប្រទេសជិតខាង។ទាំងនេះគឺជាមូលហេតុដែលក្រសួងព្យាយាមឱ្យប្រជាកសិកររបស់យើងងាកមកដាំដុះស្រូវខ្មែរដែលស្រាវជ្រាវ និងបង្កាត់ដោយក្រសួងកសិកម្មរុក្ចាប្រមាញ់ និងនេសាទ។
លោកជំទាវបានបញ្ជាក់បន្ថែមថា”ប្រសិនបើប្រជាកសិករយើងនៅតែបន្តការដាំដុះស្រូវដែលនាំចូលមកពីបរទេសវាប្រៀបដូចខ្ចីដង្ហើមគេដកដូច្នេះដែរ”។
មន្រ្តីនាំពាក្យរូបនេះបានថ្លែងបញ្ជាក់បន្ថែមថា៖ពូជស្រូវសែនក្រអូប០១គឺជាពូជស្រូវដែលបង្កាត់ចេញពីពូជស្រូវ ផ្ការំដួល ដែលមានក្លិនក្រអូប និងទម្រង់ស្រូវរាងស្រឡូនល្អ ហើយមានរសជាតិឆ្ងាញ់ បាយទន់។ក្រៅពីនេះពូជស្រូវសែនក្រអូបជាពូជស្រូវស្រាលអាចដុះដុះបានក្នុងមួយឆ្នាំ ២ទៅ៣ដង។
ទាក់ទិននឹងតម្លៃស្រូវវិញ ត្រូវបាន មន្រ្តីអ្នកនាំពាក្យរូបនេះឱ្យដឹងដែរថា៖ក្រសួងកសិកម្មបានការចរចាជាមួយរោងម៉ាស៊ីនកិនស្រូវ និងសហព័ន្ធស្រូវអង្ករកម្ពុជាឱ្យជួយទិញស្រូវសែនក្រអូប ០១ពីប្រជាកសិករ ក្នុងតម្លៃមួយថ្លៃជាងពូជស្រូវនាំចូលមកពីបរទេស។ពិសេសជាងនេះមានរោងម៉ាស៊ីនកិនស្រូវមួយចំនួនបានធានាទទួលទិញស្រូវសែនក្រអូបពីប្រជាកសិករក្នុងមួយគីឡូក្រាមរហូតដល់១៤០០រៀល។ទោះបីយ៉ាងណាពូជស្រូវនេះក៏ត្រូវមានគុណភាព និងស្របតាមស្តង់ដាផងដែរ។
ក្រសួងបានជំរុញឱ្យប្រជាកសិករដាំដុះស្រូវដែលមានទីផ្សារស្រាប់ក្នុងនេះដូចជាប្រទេសចិន សហភាពអឺរ៉ុបផងគឺជាការលើកតម្កើងស្រូវពូជជាតិ និងក្រៅពីនេះវាជាការលើកមុខមាត់ពូជស្រូវខ្មែរយើងលើឆាកអន្តរជាតិទៀតផង។ស្រូវទាំងនេះគឺជាស្រូវដែលមានឈ្មោះល្បីបានជាប់ពានរង្វាន់ពីប្រទេសចិនជាអង្ករដែលឆ្ងាញ់។ទាំងពូជស្រូវសែនក្រអូប០១និងពូជស្រូវផ្ការំដួលគឺជាពូជស្រូវល្អដាច់គេ៥ដងរួមកហើយលើពិភពលោក។ជាងនេះទៅទៀតប្រជាកសិករនឹងទទួលបានផលចំណេញខ្ពស់នៅពេលដែលលក់ចេញទៅវិញ។
បើតាមមន្រ្តីនាំពាក្យរូបនេះបានឱ្យដឹងដែរថា៖កន្លងមកនេះមានកសិករមួយចំនួនបានត្អូញត្អែរពីការចំណាយខ្ពស់ទៅលើការដាំដុះស្រូវរបស់ខ្លួនតែក្រោយការស្រាវជ្រាវក្រសួងកសិកម្មរកឃើញថា បញ្ហានេះដោយសារផ្តើមចេញពីប្រធានសក្តិនាឆ្នាំនេះកើតឡើងច្រើនប៉ុណ្ណោះក្នុងនេះដូចជាបញ្ហាទឹកជំនន់ គ្រោះរាំងស្ងួត បញ្ហាដង្កូវហ្វូង រុយស ដង្កូវរមូរស្លឹក ដែលជាហេតុធ្វើឱ្យប្រជាកសិករចំណាយច្រើនលើដំណាំកសិកម្មរបស់គាត់។
គួរបញ្ជាក់ថាបើតាម បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បណ្តាញព័ត៌មាន កាលពិដើមខែកញ្ញា ឆ្នាំ២០២៤កន្លងមកថានៅឆ្នាំនេះការដាំដុះស្រូវសែនក្រអូបបានថយចុះប្រមាណពី៧០ ទៅ៨០ភាគរយ បើធៀបនឹងឆ្នាំមុន។ ការថយចុះនៃការដាំដុះស្រូវសែនក្រអូបនេះ ដោយសារកសិករទៅបង្កើនការដាំដុះស្រូវស្រងែវិញ ជាពិសេសនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ឯកឧត្តមបានឱ្យដឹងដែរថា ស្រូវប្រភេទអូអឹមត្រូវបានប្រជាកសិករមួយចំនួនដូចជាខេត្តតាមកែវ ព្រៃវែងនិងមួយផ្នែកនៅខេត្តកំពង់ធំនិងកំពង់ចាមបានដាំដុះស្រូវប្រភេទនេះ ដែលភាគច្រើនកសិករដាំសម្រាប់លក់ទៅឱ្យឈ្មួញនាំចេញទៅវៀតណាម។
គួររំលឹកថាសែនក្រអូប០១ គឺជាពូជស្រូវស្រាលមិនប្រកាន់រដូវ ដែលបន្សុទ្ធ និងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។ នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេសដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ ៕
ដោយ ៖ ម៉ាដេប៉ូ