ការបណ្តុះផ្នត់គំនិតអ្នកចូលរួមកីឡាដើម្បីទេសចរណ៍ដាំដើមឈើនៅក្នុងសហគមន៍ការពារធម្មជាតិគឺជាការបន្សល់ទុកនូវការចងចាំល្អៗ

អត្ថបទដោយ៖
ជាវ ចន្ធូ

(កំពង់ឆ្នាំង)៖ ព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ ដែលបានរៀបចំឡើងមានរយៈពេល២ថ្ងៃ នៅក្នុងតំបន់ការពារធម្មធានធម្មជាតិ ទឹកធ្លាក់សែ្រអំពិល ស្ថិតនៅក្នុង ភូមិ ក្តុល ឃុំ ក្តុលសែនជ័យ ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង បានបញ្ចប់ទៅដោយភាពសប្បាយរីករាយ និងបានបន្សល់ទុកនូវអនុស្សាវរីយ៍នៃការចងចាំល្អៗជាច្រើន តាមរយៈកម្មវិធីសប្បុរសធម៌ ដាំដើមឈើផ្តល់ភាពបៃតងនៅក្នុងសហគមន៍និងសកម្មភាពផ្តល់ជូននូវការអប់រំដល់សិស្សានុសសិស្សាអំពីអនាម័យបរិស្ថានស្អាតល្អ នៅមូលដ្ឋាន ។

កម្មវិធីកីឡាដើម្បីទេសចរណ៍ ដែលបង្កើតឡើង ក្រោមគំនិតផ្តើមរបស់ក្រុមអ្នកដើរព្រៃកម្ពុជា មិនត្រឹមតែផ្តល់ជូននូវភាពស្រស់ស្រាយ និងសុខភាពសម្រាប់អ្នកចូលរួមប៉ុណ្ណោះនោះទេ ពោលកម្មវិធីមួយនេះ បានធ្វើឱ្យអ្នកចូលរួមពន្សល់ទុកនូវការចងចាំល្អៗនិងត្រលប់វិញម្តងទៀត ជាមូយក្រុមគ្រួសារមកមើលដើមឈើដែលបានដាំ។

ជុំវិញព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍នៅក្នុងតំបន់ការពារធម្មជាតិ ទឹកធ្លាក់ស្រែអំពិលនេះ អ្នកចូលរួម មកពីរាជធានីភ្នំពេញ លោក សុធា រិទ្ធ និង កញ្ញា សូ ដាវ៉ាន់ បានបង្ហាញអារម្មណ៍ពេញចិត្ត ព្រោះកម្មវិធីនេះ ជួយឱ្យពួកគាត់បានស្គាល់តំបន់មានធម្មជាតិស្អាតៗ និងបានចូលរួមចំណែកផ្សារភ្ជាប់សកម្មភាពជួយដល់សង្គមផងដែរ។

ឯកឧត្តម នៃ ចារី អភិបាលរង ខេត្ត កំពង់ឆ្នាំង បានចាត់ទុកការរៀបចំកម្មវិធីកីឡាដើម្បីទេសចរណ៍ នៅក្នុងតំបន់រមណីដ្ឋានការពារធម្មជាតិទឹកធ្លាក់ស្រែអំពិលនាពេលនេះ គឺជាសកម្មភាពមួយចូលរួមចំណែកយ៉ាងសំខាន់ក្នុងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដាច់ស្រយាលមួយនេះឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានស្គាល់ និងនាំគ្រួសារមកកំសាន្តតំបន់ទេសចរណ៍ធម្មជាតិនេះកាន់តែច្រើន ដើម្បីផ្តល់ចំណូលជូនប្រពលរដ្ឋធ្វើឱ្យជីវភាពរបស់ពួកគាត់បានធូធា។

ព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ ដែលបង្កើតឡើង ដោយក្រុមអ្នកដើរព្រៃកម្ពុជា មានរយៈពេល២ថ្ងៃ មានសកម្មភាពសប្បុរសធម៍ បោះតង់ និងរត់ប្រណាំងឡើងភ្នំ។ ការរត់ប្រណាំងឡើងភ្នំនេះ មានអ្នកចូលរួមប្រមាណជាជាង៨០នាក់ ខណៈអ្នកចូលរួមផ្សេងៗទៀត គឺមកកំសាន្តបោះតង់ជាលក្ខណៈគ្រួសារ ។ចំពោះវិញ្ញាសា ប្រណាំងវិញ ផ្នែកបុរស តម្រូវរត់ឡើង និងចុះពីភ្នំចម្ងាយ៧គីឡូម៉ែត្រ ដោយស្ពាយជាប់សាក់កាដូទម្ងន់១០គីឡូក្រាម ខណៈផ្នែកនារី ត្រូវរត់ឡើង និងចុះភ្នំចម្ងាយ៧គីឡូម៉ែត្រ ដោយស្ពាយសាក់ការដូទម្ងន់៥គីឡូក្រាម៕

រូបភាព ៖ មឿង គឹម រ៉ុង
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner