អ្នកវិនិយោគ៖ការអភិវឌ្ឍន៍នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត គិតគូរខ្ពស់ចំពោះបរិស្ថានពិសេសការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រ

(ស្វាយរៀង)៖ អ្នកវិនិយោគនៅកម្ពុជាបាននិងកំពុងចូលរួមគោរពច្បាប់ ពិសេសគឺការអនុវត្តន៍ឱ្យបាននូវការបញ្ចេញសំណល់ចេញកាកសំណល់រាវពីរោងចក្រ ។

លោក លីជុន សាវ ជំនួយការអ្នកគ្រប់គ្រងទូទៅនៃតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន បានឱ្យដឹងថា ក្រុមហ៊ុនចូលរួមអនុវត្តច្បាប់របស់កម្ពុជា ហើយក្រុមហ៊ុនត្រូវបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រសហគ្រាស។ ដោយទទួលបានការគាំទ្រពីក្រសួងបរិស្ថាន ក្រុមហ៊ុនបានរៀបចំបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលធានាថាសំណល់រាវបញ្ចេញពីរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មិនមានជាតិពុល មុននឹងការបង្ហូរចេញទៅតាមប្រឡាយសាធារណៈ ។

ការលើកឡើងរបស់ លោក លីជុន សាវ (Lijun shao) ជំនួយការអ្នកគ្រប់គ្រងទូទៅនៃតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀង នៅក្នុងឱកាសដែលក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានចុះទៅពិនិត្យការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។

លោកបានឱ្យដឹងថា ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់នេះ មិនមានការបង្ខិតបង្ខំពីសំណាក់ក្រសួងនោះទេ តែជាការចូលរួមអនុវត្តច្បាប់ជាធរមាន ដោយខ្លួនឯង ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការបញ្ចេញសំណល់រាវដែលមានជាតិពុលទៅខាងក្រៅ ដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋរស់នៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសនេះ។ យើងចង់បានតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រ សហគ្រាស ផ្សេងទៀត ចូលរួមបំពាក់ឧបករណ៍នេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន លើវិស័យបរិស្ថាន និងអាចក្លាយជាចំណែកមួយសម្រាប់ទាក់ទាញអ្នកវិនិយោគិនឱ្យមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា។

ប្រជាពលរដ្ឋរស់នៅក្បែរ តំបន់សេដ្ឋកិច្ចពិសេសនេះ បានសម្តែងនូវការសប្បាយរីករាយ ជាមួយនិងការគិតគូរខ្ពស់ពីអ្នកវិនិយោគ ក៏ដូចជាក្រសួងបរិស្ថានទាក់ទងទៅនិងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រ ដែលនេះគឺជាការគិតគូរដល់ សុខភាពរបស់ប្រជាជន ដែលពឹងអាស្រ័យទឹក មច្ឆា និងជីវៈចម្រុះនៅតាមប្រឡាយ ព្រែក ស្ទឹងបឹងបួរ នៅពេលនៅតាមរោងចក្រសហគ្រាសបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់។

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែក ដែលជាប្រភពទឹកស្អាត ហើយការបំពាក់ឧបករណ៍តាមដានគុនភាពទឹកស្អាត នៅតាមបណ្តារោងចក្រ សហគ្រាស គឺធ្វើយ៉ាណា ការបង្ហូរទឹកពីរោងចក្រ ចូលទៅប្រភពទឹកស្អាត មិនមានជាតិពុលលើសកំរិតដែលគួរអនុញ្ញាតទេ ។

សូមបញ្ជាក់ថា ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រកំពុងតែត្រូវបានបំពាក់ទៅតាមការស្នើសុំរបស់រោងចក្រសហគ្រាសចំនួន១១១ ដែលនេះជាការធ្វើទំនើបកម្ម នៃការតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ ។

ការបំពាក់ឧបករណ៍នេះគឺ ដើម្បីបញ្ចៀសការលេចជ្រាប ឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុលចេញពីរោងចក្រសហគ្រាស ចូលទៅក្នុងប្រភពទឹកធម្មជាតិ។ ក្រសួងបរិស្ថានតម្រូវឱ្យគ្រប់រោងចក្រសហគ្រាស (ប្រភេទប្រភពបំពុលសក្តានុពល) ត្រូវអនុវត្តការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិត្រង់មាត្រា២៨៧ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតការបំពុលបរិស្ថាននៅប្រភពបំពុលសក្តានុពល ព្រមទាំងលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធនានា ដែលបានដាក់ចេញកន្លងមក។

ការធ្វើទំនើបកម្មនៃការតាមដាន និងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយទៅលើទីតាំងក្រុមហ៊ុន រោងចក្រសហគ្រាស ដែលជាប្រភពនៃការបញ្ចេញសំណល់ (រាវ) ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាននេះគឺសំដៅពង្រឹងការអនុវត្តច្បាប់។ លើសពីនោះ វាក៏ជួយកាត់បន្ថយការចុះត្រួតពិនិត្យរបស់មន្រ្តីជំនាញ ដែលអាចបង្កការរំខានដល់វិនិយោគគិន។ ការតម្រូវឱ្យបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនៅត្រង់ចំណុចបញ្ចេញសំណល់ នៅតាមប្រភពបំពុលទាំងអស់ គឺដើម្បីធ្វើការវាស់ស្ទង់បរិមាណ និងកម្រិតសារធាតុបំពុលបញ្ចេញ និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថានតាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ។សូមបញ្ជាក់ថា ឧបករណ៍ស្វ័យត្រួតពិនិត្យ គឺជាមធ្យោបាយដ៏មានសារៈសំខាន់ ក្នុងការជួយបង្កលក្ខណៈងាយស្រួលដល់ក្រសួងបរិស្ថាន នូវក្នុងការតាមដាននិងការត្រួតពិនិត្យទប់ស្កាត់ និងចាត់វិធានការបានទាន់ពេលវេលា នូវពេលមានករណីលេចជ្រាប ឬការលួចបង្ហូរទឹកកខ្វក់ ឬក៏សារធាតុរាវពុល ចេញពីរោងចក្រណាមួយៗ ដែលបានបំពាក់នូវឧបករណ៍នេះរួច ដោយមិនចាំបាច់មានមន្រ្តីជំនាញចុះមកត្រួតពិនិត្យដោយផ្ទាល់នោះទេគឺ៖ រាល់ទិន្នន័យទាំងអស់ នឹងត្រូវបញ្ជូនដោយស្វ័យប្រវត្តិទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រសួង។ហើយទិន្នន័យទាំងនោះទោះ ក្នុងករណីអសកម្មពីបច្ចេកទេសណាមួយ ក៏ឧបករណ៍នេះបញ្ជូននិងផ្តល់សញ្ញាទៅក្រសួងបរិស្ថានភ្លាមៗ៕

អត្ថបទ រូបភាព ៖ ង៉ាន់ ទិត្យ និង រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner