ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ យើងត្រូវរួមគ្នារៀបចំឧស្សាហកម្មមួយ បង្កើតនូវផលិតផលថ្មី ដើម្បីឧត្តមប្រយោជន៍ប្រជាជន និងប្រទេសជាតិ
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា យើងរួមគ្នាកសាងនូវឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងតុបតែង និងឧស្សាហកម្មធនាគារ ដើម្បីឧត្តមប្រយោជន៍ប្រជាជន និងប្រទេសជាតិ ។ នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងនៅក្នុងពិធីបើកសម្ពោធការតាំងពិព័រណ៍វិស័យ សំណង់អគារវិស្វកម្ម និងឧស្សាហកម្មទឹកខ្នាតអន្តរជាតិធំជាងគេលំដាប់លេខ១នៅកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្ររាជធានីភ្នំពេញ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានដាក់ចេញនូវទស្សនៈវិស័យរួមសម្រាប់ទាំងអស់គ្នា ដើម្បីដើរលើផ្លូវរួមគ្នាក្នុងការផ្ដល់ឧត្តមប្រយោជន៍ដល់ប្រជាជននិងប្រទេសជាតិ ដោយសង្ឃឹមថា យើងអាចរៀបចំឧស្សាហកម្មមួយដែលមានរបៀបរៀបរយ អាចបង្កើតនូវបរិយាកាសមួយដែលមនុស្សនិងស្ថាប័នអាចបង្កើតនូវវប្បធម៌សិក្សាស្រាវជ្រាវ បង្កើតនូវផលិតផលថ្មី ហើយឯកឧត្តមសង្ឃឹមថាផ្ដើមចេញពីថ្ងៃនេះ និងទីតាំងពិព័រណ៍នេះ យើងអាចមើលឃើញនូវនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ ដើម្បីជួយទ្រទ្រង់ឧស្សាហកម្មនេះ និងនវានុវត្តន៍គំនិតថ្មីៗទាក់ទិននឹងឧស្សាហកម្មនេះផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីបញ្ហាមួយចំនួនក្នុងសង្គមជាតិក្នុងនោះមានការចុះបញ្ជីដីធ្លី ដែលមកទល់ពេលនេះយើងបានវាស់វែងចុះបញ្ជីបន្ថែមបានប្រមាណ២លាន៣សែនក្បាលដី និងនៅសល់ជាង ១លានក្បាលដីទៀតនឹងត្រូវបញ្ចប់ការចុះបញ្ជីនៅទូទាំងប្រទេស ដែលនេះប្រហែលជាលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាដោយបានវាស់វែងនិងចុះបញ្ជីដីទាំងអស់នៅទូទាំងប្រទេសបានចប់សព្វគ្រប់ក្នុងអាណត្តិទី៧នេះ។ ដោយឡែក ក្បាលដីដែលនៅសេសសល់មិនទាន់បានចុះបញ្ជី រដ្ឋបាលខេត្តព្រះវិហារបានប្ដេជ្ញាចិត្តក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានមុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី ៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថានាពេលខាងមុខនឹងមានការរៀបចំពិព័រណ៍បែបនេះឱ្យបានធំជាងមុន ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលនឹងផ្ដល់ឱកាសកាន់តែច្រើនសំរាប់វិស័យសំណង់ អគារ វិស្វកម្មនៅកម្ពុជា។ ដោយឡែកការជួបជុំគ្នានាពេលនេះគឺជាឱកាសដ៏ល្អប្រសើរដើម្បីជជែកពិភាក្សារកវិធីសាស្ត្រធ្វើយ៉ាងណាឱ្យការងារដែលយើងទាំងអស់គ្នាកំពុងធ្វើទទួលបានប្រសិទ្ធភាពខ្ពស់ ធ្វើឱ្យឧស្សាហកម្មទឹកមានរបៀបរៀបរយស៊ីសង្វាក់គ្នា ទទួលបានផលចំណេញកាន់តែច្រើន បង្កើនផលិតភាពសម្រាប់ប្រជាជន និងបានចាត់ទុកថាទឹកស្អាតគឺជាអាទិភាពធំមួយរបស់រាជរដ្ឋាភិបាលដើម្បីផ្ដល់ជូនប្រជាជនកម្ពុជា ៕



ដោយ / គ្រី សម្បត្តិ