បាក់ស្ពានប្រទេសអាល្លឺម៉ង់តែគ្មានមនុស្សគ្រោះថ្នាក់
បរទេស៖ នៅថ្ងៃពុធនេះ អាជ្ញាធរបាននិយាយថា ស្ពានមួយកន្លែងនៅក្នុងទីក្រុង Dresden ភាគខាងកើត ប្រទេសអាឡឺម៉ង់ បានបាក់រលំដោយផ្នែក ប៉ុន្តែ គ្មាននរណាម្នាក់រងរបួស នោះទេ។
ផ្នែកនៃស្ពាន Carola ប្រវែងប្រហែល១០០ម៉ែត្រ ដែលតភ្ជាប់ទីក្រុងចាស់ជាប្រវត្តិសាស្ត្រ ទៅកាន់ផ្នែកផ្សេងទៀតនៃទីក្រុង Dresden បានធ្លាក់ចូល ទៅក្នុងទន្លេ Elbe នៅប្រហែលម៉ោង៣ព្រឹក ទៀបភ្លឺ ឈានចូលដល់ថ្ងៃទីពុធនេះ។
ផ្ទៃទាំងមូលនៅជុំវិញស្ពានត្រូវបានបិទ ខណៈដែលប្រជាពលរដ្ឋត្រូវបានជំរុញឱ្យនៅឆ្ងាយពីព្រោះបារម្ភថា ផ្នែកផ្សេងទៀត នៃស្ពាន អាចនឹងធ្លាក់ចុះ។
អ្នកនាំពាក្យក្រុមពន្លត់អគ្គិភ័យ លោក Michael Klahre បាននិយាយ ក្នុងសារវីដេអូមួយតាមបណ្តាញសង្គមថា «វានៅតែមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់អាយុជីវិត និងហានិភ័យ នៃការដួលរលំបន្ថែម»។ គ្មាននរណាម្នាក់នៅលើ ឬ ក្រោមស្ពាន នៅពេលបាក់នោះទេ»។
រីឯ មូលហេតុនៃការបាក់រលំស្ពាននេះ នៅមិនទាន់ដឹងនៅឡើយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត