ពលរដ្ឋ និងអ្នកវិនិយោគ សារទរការអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន និងជួយជំរុញកំណើនសេដ្ឋកិច្ច
(ស្វាយរៀង)៖ ប្រជាលពលរដ្ឋ កម្មករ និយោជក ក៏ដូចជាអ្នកវិនិយោគ បានបង្ហាញពីការគាំទ្រទៅលើគម្រោងអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាល នៅតាមខេត្តជាប់ខ្សែបន្ទាត់ព្រំដែន ដែលបានចូលរួមចំណែកយ៉ាងសំខានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារធ្វើ និងបង្កើនចំណូលនៅក្នុងមូលដ្ឋាន។
ខេត្តដែលជាប់នៅតាមខ្សែបន្ទាត់ព្រំដែនមួយចំនួន បានលេចជារូបរាងឡើងនូវ អគារធំ ខ្ពស់ៗ និងរោងចក្រសហគ្រាស យ៉ាងច្រើនសន្ធឹក កំពុងបង្ហាញភាពមមារញឹកជាមួយនិង សកម្មភាពកាងារ របស់កម្មករ និយោជក បានធ្វើការផលិត ផលិតផលរបស់ខ្លួនដើម្បីនាំចេញលក់ចេញទៅផ្គត់ផ្គង់លើទីផ្សារបរទេស។
ក្រុងបាវិត ខេត្តស្វាយរៀង ជាខេត្តមួយដែលមានរោងចក្រសហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសយ៉ាងច្រើន បើប្រៀបធៀបជាមួយនិងខេត្តផ្សេងៗទៀត ដែលជាប់ជាមួយនិងព្រំដែនប្រទេសវៀតណាម ឡាវ ក៏ដូចជាប្រទេសថៃ ជាដើម។ ការលើកឡើងស្រដៀងគ្នាទៅនិង បុគ្គលិក ក៏ដូចជាកម្មករ បាននិងកំពុងបំពេញការងារ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន បានបញ្ជាក់ថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតរោងចក្រ នៅតាមខ្សែបន្ទាត់ព្រំដែន បានជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាបង្កើតការងារធ្វើដល់ពួកគាត់ ពិសេ ងាយស្រួលទៅដល់ការធ្វើដំណើរ កាត់បន្ថយការចំណាកស្រុក អាចទទួលបានប្រាក់ខែសមរម្យ ។
លោក លីជុន សាវ (Lijun shao) ជំនួយការអ្នកគ្រប់គ្រងទូទៅនៃតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀង បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន បានបង្កើតឡើងជិត២០ឆ្នាំមកហើយ ជាមួយនិងទំហំផ្ទៃដីជិត ៤០០ ហិកតា ដែលមានរោងចក្រជិត ៤០ ដោយបានស្រូបកំលាំងពលកម្ម ជាង៣ម៉ឺននាក់ កំពុងបំពេញការងារនៅទីនេះ ។
តាមរយៈសុខសន្តិភាព ផ្តល់ឱកាសខ្ពស់ដល់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវផែនការយ៉ាងច្បាស់លាស់នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ពីមួយអាណត្តិ ទៅមួយអាណត្តិ ពិសេសខេត្តនៅជាប់ព្រំដែនប្រទេសជិត និងនៅតាមបន់អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ជាដើម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ហើយក៏ជារនាំងមួយអាចឱ្យប្រជាពលរដ្ឋចូលរួមការពារព្រំដែន ផងដែរ។ ជាក់ស្តែង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវខ្វាត់ខ្វែង ជាច្រើនបាននិងកំពុងបន្តសាងសង់ឡើង ធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងមានការរីកចំរើន ។
មកទល់និងពេលនេះ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានដំណើរការលើនីតីវិធី និងអនុវត្តតាមផែនការដែលបានគ្រោងទុក ដើម្បីធានាប្រសិទ្ធភាព គុណភាព ជាពិសេសធានាបានការអនុលោមភាពស្តង់ដារ បច្ចេកទេសនៃការសាងសង់ផ្លូវ ស្ពាន រឹងមាំ ជាប់ធន់ យូរអង្វែង។ ក្រោយសាងសង់រួចរាល់ ផ្លូវនេះ និងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូន បានលឿន និងរហ័សជាងមុនផងដែរ។
តំបន់សេដ្ឋកិច្ចពិសេសដែលមានបណ្តុំទៅដោយឧស្សាហកម្ម រោងចក្រ សហគ្រាសនេះ គឺជាចំណែកដ៏សំខាន់ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចនៅក្នុងក្រុងបាវិត និងខេត្តស្វាយរៀង ជាពិសេសគឺបានផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុកជាដើម។តាមរយៈប្រាក់ចំណូលចេញពីតំបន់សេដ្ឋកិច្ចពិសេសនេះ បានជួយសម្រួលជីវភាពពលរដ្ឋរាប់ម៉ឺននាក់ទាំងផ្ទាល់ និងប្រយោលឱ្យកម្រិតនៃការរស់នៅបានល្អប្រសើរ។
ខេត្តស្វាយរៀង ជាខេត្តស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ហើយក៏ជាខេត្តមួយ ដែលមានតំបន់សេដ្ឋកិច្ចពិសេសមុនគេផង ដែរដែលរហូតដល់ពេលនេះមានតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ចំនួន ១២កន្លែង មានបុគ្គលិកកម្មករ កំពុងបំពេញការប្រមាណជា៥ម៉ឹននាក់ ជាមួយនិងប្រាក់ចំណូលផ្ទាល់ ក្នុងម្នាក់ គឺប្រាក់ខែរបស់គាត់មិនក្រោមជាង ២០០ដុល្លារទេ បួកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដូចជាប្រាក់ថែមម៉ោងបានជិត ៣០០ដុល្លារ ទៅជាង ៤០០ដុល្លារដែរ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា