បុរសម្នាក់បានសំណង៥០លានដុល្លារ ពីការកាត់ទោសខុស ជាប់គុកអស់១០ឆ្នាំ
បរទេស៖ បុរសម្នាក់នៅអាមេរិកទទួលបានលុយ៥០លានដុល្លារ បន្ទាប់ពីបានដឹងថា ជាការកាត់ទោសខុស ពីបទមនុស្សឃាត ព្រោះបានផ្តល់ចម្លើយសារភាព ដោយមានការបង្ខិតបង្ខំពីប៉ូលីស ប៉ុន្តែ បុរសដែលមានឈ្មោះ Marcel Brown រូបនេះ បានជាប់គុកអស់រយៈពេលជិត១០ឆ្នាំរួចមកហើយ នេះបើតាមមេធាវី បាននិយាយ កាលពីថ្ងៃអង្គារ។
ក្រុមហ៊ុនច្បាប់ Loevy & Loevy តំណាងឱ្យលោក Marcel Brown បាននិយាយថា បន្ទាប់តតាំងក្តី ក្រោយពីមានពាក្យបណ្តឹងលើរឿងនេះ គណៈវិនិច្ឆ័យតុលាការសហព័ន្ធ នៅទីក្រុងឈីកាហ្គោ កាលពីថ្ងៃចន្ទ បានសម្រេចកាត់ក្តីឱ្យបុរស អាយុ៣៤ឆ្នាំ រូបនេះ គ្មានទោសវិញ ហើយវាត្រូវបានចាត់ទុកថា ជាការផ្តន្ទាទោសខុស តែមួយគត់ នៅក្នុងប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិក។
លោកត្រូវបានដោះលែងវិញ បន្ទាប់ពីមេធាវីបានបង្ហាញភស្តុតាងថា ប៉ូលីសនៅទីក្រុងឈីកាហ្គោបានចាក់សោ នៅក្នុងបន្ទប់ សួរចម្លើយ អស់រយៈពេលជាង ៣០ម៉ោង មិនឈប់ឈរ បង្អត់អាហារ ព្រមទាំងបដិសេធការស្នើសុំម្តងហើយម្តងទៀត របស់លោក សម្រាប់ការហៅទូរស័ព្ទ និងរារាំងលោក ពីការដេក ទៀតផង។ ការណ៍នេះ នាំឲ្យមានការសម្រេចថា ប៉ូលីសបានបង្ខិតបង្ខំ និងប្រឌិតភស្តុតាង ព្យាយាមឲ្យលោកចម្លើយសារភាព។
គួររម្លឹកថា លោក Brown ត្រូវបានចាប់ខ្លួន និងកាត់ទោសឱ្យជាប់គុក ៣៥ ឆ្នាំ ក្រោយរកឃើញថា ជាអ្នកសមគំនិត ក្នុងសំណុំរឿងឃាតកម្មលើបុរសម្នាក់ កាលពីឆ្នាំ២០០៨។
គណៈវិនិច្ឆ័យបានផ្តល់សំណង ១០លានដុល្លារ សម្រាប់ពេលវេលា ការចាប់ខ្លួន និងការផ្តន្ទាទោស ហើយ ៤០លានដុល្លារទៀត ជាការខូចខាតពេលវេលា នៅក្នុងពន្ធនាគារ និងក្រោយការជាប់គុក។
យ៉ាងណាមិញ ពុំមានការបញ្ជាក់ពីអ្នកត្រូវទទួលខុសត្រូវ លើការកាត់ទោសខុស នេះទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត