ជប៉ុនផលិតរថភ្លើងល្បឿនលឿនគ្មានមនុស្សបើកលើកដំបូងលើលោក

បរទេស៖ ជាលើកដំបូងពុំធ្លាប់មាន ក្រុមហ៊ុនផ្លូវដែកជប៉ុន JR East គ្រោងនឹងដាក់ឲ្យដំណើរការ រថភ្លើងល្បឿនលឿនស្វ័យបើកបរ ឬ គ្មានមនុស្សបើក រត់នៅលើខ្សែផ្លូវ Joetsu Shinkansen ជាផ្នែកមួយ ដើម្បីដោះស្រាយវិបត្តិប្រជាសាស្រ្តជប៉ុន ឬ កំណើនប្រជាជនវ័យចំណាស់។

ប្រធានក្រុមហ៊ុន JR East លោក Kise Yoichi បានអះអាង កាលពីថ្ងៃអង្គារថា នឹងចាប់ផ្តើមប្រើប្រាស់ក្នុងឆ្នាំសារពើពន្ធ២០២៨ ហើយដំណើរការពេញលេញ នៅក្នុងឆ្នាំ២០២៩។ ប៉ុន្តែ ក្រុមហ៊ុនបានបន្ថែមថា នៅតែមានអ្នកបើកបរលើរថភ្លើងត្រួតពិនិត្យប្រតិបត្តិការសម្រាប់ករណីបន្ទាន់។ រថភ្លើងគ្រោងនឹងដំណើរការ រវាងស្ថានីយ៍ Niigata និង Nagaoka ចម្ងាយជាង៥៥គីឡូម៉ែត្រ ហើយនឹងបន្ថែមទៀត រវាងស្ថានីយ Tokyo និង Niigata។

គួរបញ្ជាក់ថា ល្បឿនអតិបរមា របស់ផ្លូវរថភ្លើង Joetsu Shinkansen គឺអាចមានចន្លោះពី ២៧៥, ៣០០គីឡូម៉ែត្រ ឬ លឿនជាងនេះ ក្នុងមួយម៉ោង។

ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងជំរុញផែនការនេះ ដោយសារការព្រួយបារម្ភអំពីកង្វះអ្នកបើកបរនាពេលអនាគត ខណៈដែលជប៉ុនបញ្ហាអត្រាកំណើតថ្មីធ្លាក់ចុះ ហើយចំនួនប្រជាជនវ័យចំណាស់ ក៏កាន់តែកើនឡើង នៅក្នុងប្រទេសជប៉ុន។

JR East បានបន្ថែមទៀតថា ខ្លួនកំពុងពិចារណាពង្រីកប្រតិបត្តិការបើកបរដោយខ្លួនឯង ឬ Driverless Bullet Trains បែបនេះ តភ្ជាប់រវាងទីក្រុងតូក្យូ និងតំបន់ឆ្នេរសមុទ្រជប៉ុន ព្រមទាំង រវាងតូក្យូ និងខេត្តភាគឦសាន របស់ប្រទេស ទៀតផង៕

ប្រភពពី The Mainichi ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner