សិង្ហបុរីចាប់អ្នកលក់ត្រីនាគកម្រ ដាក់គុក៩ខែ
បរទេស៖ បុរសជាជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ រយៈពេល៩ខែ កាលពីថ្ងៃអង្គារ ពីបទរត់ពន្ធ ត្រីនាគអាស៊ី Arowana ចូលទៅក្នុងប្រទេសសិង្ហបុរី នេះបើតាមកាសែត CNA ។
ក្រុមប្រឹក្សាឧទ្យានជាតិ ហៅកាត់ NParks បានឲ្យដឹងថា លោក Liyu Kim Guan បាននាំចូលសត្វប្រភេទនេះពីប្រទេសម៉ាឡេស៊ី ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ចេញដោយអគ្គនាយកគ្រប់គ្រងពាណិជ្ជកម្មសត្វព្រៃ។
លោក Liyu អាយុ៥១ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីខែឧសភា ហើយត្រូវបានគេរកឃើញថា មានត្រីនាគ Arowana នៅក្នុងរថយន្ត។ ការស៊ើបអង្កេតបានបង្ហាញថា មុនពេលឃាត់ខ្លួន លោក Liyu ធ្លាប់បាននាំចូលប៉ុន្មានលើក រួចមកហើយ។ តុលាការបានសម្រេចកាត់ទោស ឲ្យជាប់គុក៩ខែនេះ ជាមួយនឹងការនាំចូល និងប៉ុនប៉ងនាំចូល ត្រីប្រភេទនេះ សរុបប្រមាណ ១០លើក។
NParks បាននិយាយថា ត្រី Arowanas ត្រូវបានចុះបញ្ជីជាប្រភេទសត្វជិតផុតពូជ នៅក្រោមឧបសម្ព័ន្ធទី១ នៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិ ក្នុងប្រភេទសត្វជិតផុតពូជ ហៅកាត់ CITES នេះបើយោងតាមកាសែត CNA ដដែល។
ប្រភពមិនបញ្ជាក់លម្អិតអំពីទំហំត្រីនោះទេ ប៉ុន្តែ ជាទូទៅ ត្រីនាគ Arowana អាចមានប្រវែង ជិត១ម៉ែត្រ ទៅជាង១ម៉ែត្រ៕
ប្រែសម្រួល៖ សារ៉ាត