រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើបទបង្ហាញ ស្ដីពី «កិច្ចសហប្រតិបត្តិ​ការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)» ចែករំលែកដល់ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើបទបង្ហាញ ស្ដីពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)» ចែករំលែកដល់ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលដឹកនាំដោយឯកឧត្តម ហួន ច័ន្ទថុន ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយមានការអញ្ជើញចូលរួមពីប្រតិភូគណបក្សនយោបាយទាំងអស់ដែលសមាជិកសមាជិកានៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នីតិកាលទី៧ នៃរដ្ឋសភា។
ការធ្វើបទបង្ហាញស្ដីពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)» បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា ចំពោះការធ្វើបទបង្ហាញរបស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គឺបានលើកនៅចំណុចនីមួយៗនៅក្នុងអង្គប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ធ្វើបទបង្ហាញជុំវិញការអភិវឌ្ឍន៍សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA។ ការធ្វើបទបង្ហាញ គឺធ្វើទៅតាមបែបបទផែនការ នៃការអភិវឌ្ឍ មិនមែនដូចជាការចោទប្រកាន់របស់ក្រុមជ្រុលនិយមមួយចំនួនដែលលើកយកបញ្ហាព្រំដែនជាប្រធានបទជាបញ្ហាប្រឈមហើយយកមកបំផ្លើសបំភ្លៃញុះញង់ឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ។

ឯកឧត្តមបានបន្តថា ចំណុចដែលសំខាន់នោះ គឺព្រំដែនបានកំណត់ជាភូមិសាស្ត្រ នៃខ្សែក្រវាត់ព្រំដែនរួចហើយ។ តែដោយសារផ្អែកទៅលើតំបន់ភូមិសាស្ត្រ និងផលប្រយោជន៍របស់កម្ពុជាផងរដ្ឋាភិបាលបានបង្កើតនៅឆ្នាំ១៩៩៩ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីធ្វើការអភិវឌ្ឍន៍ ព្រោះតំបន់នោះ គឺជាតំបន់មួយដែលត្រូវផ្សារភ្ជាប់នៅការនាំចេញកសិកម្មរបស់យើង ក៏ដូចជាទំនិញផ្សេងៗរវាងគ្នានិងគ្នា ហើយនិងការចេញចូលរវាងជនជាតិផ្សេងៗ ជាពិសេសជនជាតិវៀតណាម ឡាវ ក្តី ចង់ចេញចូលកម្ពុជា គឺផ្អែកលើច្បាប់អន្តោប្រវេសន៍ជាធំ មិនដូចជាការចោទប្រកាន់របស់ក្រុមជនអគតិមួយចំនួននោះទេ៕
ដោយ៖ពលជ័យ

ads banner