លោកជំទាវ ពោធិតី សាវត្ថី៖ការធ្វើបទបង្ហាញអំពីព្រំដែនកម្ពុជា ជាមួយ វៀតណាម -ឡាវ -ថៃ ពិតជាមានសារៈសំខាន់និងកុំឱ្យប្រជាពលរដ្ឋចាញ់បោកក្រុមជ្រុលនិយម
ភ្នំពេញ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងធ្វើបទបង្ហាញអំពីព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសវៀតណាម ឡាវ និងថៃ ជូនប្រតិភូគណបក្សនៃឧត្តមក្រុមប្រឺក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។
លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានមានប្រសាសន៍ថា ការដែលឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាដ្ឋានកិច្ចការព្រំដែន មកធ្វើបទបង្ហាញ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រតិភូគណបក្សទាំងអស់នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងប្រជាពលរដ្ឋខ្មែរទាំងអស់ដែលត្រូវតែដឹងឱ្យច្បាស់អំពីព្រំដែនស្របច្បាប់របស់ខ្មែរ ចៀសវាងការចាញ់បោកពួកប្រឆាំងជ្រុលនិយមដែលបំភ្លៃការពិតក្នុងបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។
លោកជំទាវបានបន្តថា មូលហេតុដែលប្រតិភូគណបក្សធម្មាធិបតេយ្យស្នើសុំឱ្យធ្វើបទបង្ហាញ គឺដើម្បីឱ្យសមាជិកប្រតិភូគណបក្សទាំង២៩ នៅក្នុងឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជ្រាបច្បាស់អំពីព្រំដែនស្របច្បាប់របស់រាជរដ្ឋាភិបាលដែលបានធ្វើរួចហើយនោះ ដើម្បីចុះទៅបង្ហាញពន្យល់ប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ ថ្នាក់មូលដ្ឋានដែលឱ្យពួកគាត់ជ្រាបច្បាស់អ្វីខុស? អ្វីត្រូវ?។
លោកជំទាវបានបញ្ជាក់ថា បន្ទាប់ពីទទួលបានបទបង្ហាញរបស់គណៈកម្មការព្រំដែនហើយ ឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងមានគម្រោងចុះទៅទូទាំងប្រទេសតែម្តងមិនមែនត្រឹមតែ ៤ខេត្តរបស់ CLV ទេ គឺយើងធ្វើបទបង្ហាញចុះទៅពន្យល់ប្រជាពលរដ្ឋទូទាំងប្រទេសតែម្តង។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានឯកភាពឱ្យឯកឧត្តមបណ្ឌិត ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជារវាងប្រទេសឡាវ-វៀតណាម និងថៃ ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ការឯកភាពនេះ តាមរយៈចំណារលើលិខិតស្នើរបស់លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ