ប៉ាគីស្ថានទៅឈ្វេងយល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍នៅខេត្តបាត់ដំបង
បាត់ដំបង៖ឯកឧត្តម ហ្សាហៀរូឌីន បាបារថាហីម (Zaheeruddin Babar Thaheem )ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានបង្ហាញវត្តមាននៅខេត្តបាត់ដំបងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងបេសកកម្មឈ្វេងយល់លើវិស័យសេដ្ឋកិច្ច និងទេសចរណ៍នៅខេត្តបាត់ដំបង ដែលជាខេត្តមានសក្ដានុពលចម្រុះរបស់កម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនៅសាលាខេត្តបាត់ដំបង គណៈប្រតិភូស្ថានទូតប៉ាគីស្ថានបានដឹងពីសក្តានុពលសេដ្ឋកិច្ចក្នុងខេត្ត, ពីគម្រោងអភិវឌ្ឍន៍ផ្សេងៗ, ពីស្ថានភាពរួមដែលមាននៅក្នុងខេត្ត, ការដោះដូរពាណិជ្ជកម្មឆ្លងដែនជាមួយប្រទេសថៃ។ពិសេសនោះគឺសក្ដានុពលដ៏សម្បូរបែបរបស់ខេត្តបាត់ដំបងលើវិស័យទេសចរណ៍ និងកសិកម្ម។
ឯកឧត្តម សុខ លូ បានជម្រាបជូនភ្ញៀវថា ថ្វីត្បិតតែខេត្តបាត់ដំបង មានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម ក៏ប៉ុន្តែការទាក់ទាញអ្នកវិនិយោគលើផ្នែកឧស្សាហកម្ម និងការកែច្នៃនូវផលិតផលកសិផល សម្រាប់ការនាំចេញនៅមានកម្រិតតិចតួច។ជាក់ស្តែងខេត្តបាត់ដំបងក្រៅពីការផ្គត់ផ្គង់ក្នុងខេត្ត នៅសល់អង្ករប្រមាណ៧៥ម៉ឺនតោនក្នុងមួយឆ្នាំៗខណៈការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសមានប្រមាណ ៣០ម៉ឺនតោនប៉ុណ្ណោះ។ ចំណែកអង្ករនៅសល់ ត្រូវបាននាំចេញទៅកាន់បណ្ដាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា និង ប្រទេសជិតខាង។
ឯកឧត្តមអភិបាលខេត្តបានស្នើដល់ឯកឧត្តមអគ្គរដ្ឋទូតប៉ាគីស្ថានឱ្យជួយពិនិត្យលទ្ធភាពក្នុងការជួយកៀរគរវិនិយោគិនប៉ាគីស្ថានឱ្យមកបណ្ដាក់ទុន និងផ្លាស់ប្ដូរពាណិជ្ជកម្ម និងទេសចរណ៍ជាមួយខេត្តបាត់ដំបង ។រដ្ឋបាលខេត្តបានត្រៀមនិងបង្កលក្ខណៈគ្រប់ពេលវេលាក្នុងការស្វាគមន៍ និងផ្ដល់នូវកិច្ចសហការជានិច្ច។
ជាការឆ្លើយតបរបស់ ឯកឧត្តម ហ្សាហៀរូឌីន បាបារថាហីម ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជាបានអះអាងថា នឹងនាំយកនូវសំណើរបស់ឯកឧត្តមអភិបាលខេត្តទៅជម្រាបជូនដល់ថ្នាក់ដឹកនាំនៃប្រទេសប៉ាគីស្ថានឱ្យបានជ្រាបនិងពិចារណាជាពិសេសផ្តោតលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ក្នុងខេត្ត ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវការកត់សម្គាល់ចំពោះដំណើរមកកាន់ខេត្តបាត់ដំបងជាលើកទី១របស់លោកដោយបានកោតសរសើរខេត្តបាត់ដំបង ថាជាខេត្តដែលមានវប្បធម៌ដ៏ចំណាស់ និងមានអគារប្រវត្តិសាស្រ្តច្រើន។ ខេត្តបាត់ដំបង ជាខេត្តមានសក្ដានុពលខ្ពស់ លើវិស័យស្រូវអង្ករ ក៏ប៉ុន្តែឯកឧត្តមពិនិត្យឃើញថារោងម៉ាស៊ីនកិនស្រូវនៅក្នុងខេត្ត មានចំនួនតិចនៅឡើយ ដែលតម្រូវឱ្យមានការបណ្ដាក់ទុនវិនិយោគបន្ថែមទៀត។
ឯកឧត្តមអគ្គរដ្ឋទូតបានជម្រាបឯកឧត្តមអភិបាលខេត្តថា ប៉ាគីស្ថាននិងកម្ពុជា គឺស្ថិតក្នុងចំណោមប្រទេស ចំនួន១០ ដែលផលិតអង្ករច្រើនជាងគេ។ដូច្នេះប៉ាគីស្ថាន អាចជួយកម្ពុជា ក្នុងចំណុចណាមួយបាន។ជាក់ស្ដែងប្រទេសទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នាក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីររួចមកហើយផងដែរ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.